(ឡូសអាន់ជែឡែស)៖ នាយកដ្ឋានអគ្គិភ័យប្រចាំនៅទីក្រុងឡូសអាន់ជែឡេស (LAFD) បានរាយការណ៍ថា មនុស្សប្រហែល ១,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា (ពេលវេលានៅសហរដ្ឋអាមេរិក) ដោយសារភ្លើងឆេះព្រៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

LAFD បានគូសបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់ គឺនៅឧទ្យាន Topanga State Park ដែលស្ថិតនៅលើភ្នំ Santa Monica ដែលមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីភាគខាងលិចនៃទីប្រជុំជន Los Angeles ហើយកត់សម្គាល់ថា ភ្លើងឆេះព្រៃដែលមានឈ្មោះ Palisades Fires បានឆាបឆេះរាលដាលលើផ្ទៃដីទំហំប្រមាណ ៨៣៥ហិកតា (៣.៤គីឡូម៉ែត្រក្រឡា) ហើយ។

ភ្លើងឆេះព្រៃនេះ ត្រូវបានរាយការណ៍ជាលើកដំបូង នៅយប់ថ្ងៃសុក្រសប្ដាហ៍មុន នៅតំបន់ដាច់ស្រយាលមួយ ដែលស្ថិតនៅលើភ្នំ Santa Monica ដោយបានឆាបឆេះលើផ្ទៃដីទំហំប្រមាណ ១០ហិចតា (០.០៤ គីឡូម៉ែត្រក្រឡា) ពេលនោះគេគិតថាវាអាចនឹងត្រូវបានគ្រប់គ្រង ក្រោមអាកាសធាតុត្រជាក់ និងមានសំណើមរយៈពេលមួយយប់។

ប៉ុន្តែការឆាបឆេះឡើងនៅរសៀលថ្ងៃសៅរ៍សប្តាហ៍ដដែល បានបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យវារាលដាលចេញពីខ្សែបន្ទាត់គ្រប់គ្រង របស់ក្រុមអ្នកពន្លត់អគ្គិភ័យ ជាហេតុបង្ករឱ្យមានការឆ្លើយតបជាបន្ទាន់ពីសំណាក់ ទីភ្នាក់ចម្រុះជាច្រើនទាំងនៅលើដីផ្ទាល់ និងតាមផ្លូវអាកាស។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក អណ្តាតភ្លើង បានឆាបឆេះលើផ្ទៃដីទំហំប្រមាណ ៧៥០ហិចតា (៣.០៣ គីឡូម៉ែត្រក្រឡា) ហើយគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ Topany Canyon។

LAFD បានគូសបញ្ជាក់បន្ថែមថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា មិនមានហេដ្ឋារចនាសម្ព័ន្ធណាមួយត្រូវបានខូចខាតឡើយ ហើយក៏មិនមានករណីមនុស្សរងគ្រោះថ្នាក់ណាមួយត្រូវបានរាយការណ៍ដែរ ដោយ LAFD បានបន្ថែមថាមូលហេតុនៃភ្លើងឆេះព្រៃនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបើកចំហ និងយ៉ាងសកម្ម៕