(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ជោគជ័យនៃការចុះចតយានលើកដំបូងរបស់ប្រទេសចិន នៅលើផ្ទៃភពអង្គារ កាលពីពេលថ្មីៗនេះ គឺជាភស្តុតាងស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ចិនកំពុងឆ្ពោះក្លាយទៅជាមហាអំណាចអវកាស ដែលនឹងប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈរាប់ទសវត្សរ៍មកនេះ ធ្លាប់តែគ្មាននរណាប្រៀបបាន។ នេះបើតាមការដកស្រង់ចេញពី វែបសាយព័ត៌មាន Space News នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

សមាជិកព្រឹទ្ធសភាអាមេរិកលោក អាំងហ្គឹស ឃីង (Angus King) បានលើកឡើងថា ការចុះចតរបស់យានអវកាសចិន ជាការក្រឿនរំឭកកាន់តែច្បាស់ទៀតថា សហរដ្ឋអាមេរិកលែងគ្រប់គ្រង លំហអវកាសតែឯងទៀតហើយ គឺគូប្រជែងដ៏ខ្លាំងក្លាមួយ កំពុងតែផុសត្រដែតឡើងនៅក្នុងវិស័យនេះ។ លោក King បានបន្ថែមថា ជោគជ័យរបស់ចិន ក៏ជួយលុបបំបាត់ចោលផងដែរ នូវភាពមន្ទិលទាំងឡាយស្តីពីការបង្កើត កងទ័ពអវកាសរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ឥឡូវចិនក្លាយជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានបញ្ជាយានចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ។ បេសកកម្មនោះមានឈ្មោះថា Tianwen-1 ហើយជាបេសកកម្មលើកដំបូងបំផុតរបស់ចិន ទៅកាន់ភពអង្គារ ដែលបានចាកចេញពីផែនដី កាលពីខែកក្កដា ឆ្នាំ២០២០។ កន្លងទៅ ចិនក៏បានទទួលជោគជ័យ ក្នុងការបញ្ជូនយានទៅចុះចតលើឋានព្រះច័ន្ទ ហើយប្រមូលគំរូតាងពីទីនោះ យកមកកាន់ផែនដីវិញថែមទៀតផង៕