(ប៉េកាំង)៖ ការចុះចតលើភពព្រះអង្គារ គឺជាសមិទ្ធិផលដ៏មហិមាថ្មីបំផុត នៃផែនការរុករកអវកាសរបស់ប្រទេសចិន ដោយបង្ហាញពីស្មារតីតស៊ូរបស់ប្រទេសចិន។ នេះគឺជាការវាយតម្លៃរបស់ វេបសាយនៃទស្សនាវដី្តប្រចាំខែ Scientific American របស់អាមេរិកចំពោះការដែលយានអវកាសរុករកភពព្រះអង្គារឈ្មោះ "TianWen-1" នៃប្រទេសចិនបានចុះចតលើភពព្រះអង្គារ ដោយជោគជ័យកាលពីថ្ងៃទី១៥ ខែឧសភា។ វេបសាយនៃទូរទស្សន៍ស៊ីអិនអិនអាមេរិកបានផ្សាយដំណឹងលើទំព័រដើមកាលពីថ្ងៃទី ១៦ ខែឧសភា ឱ្យដឹងថា ប្រទេសចិនបានក្លាយជាប្រទេសទី ២ ក្នុងប្រវត្តិសាស្ត្រដែលមានរថយន្តរុករកនៅលើភពព្រះអង្គារ។ មន្ត្រីទីភ្នាក់ងារអវកាសអាមេរិក (NASA) និងស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះបូករួមទាំងទីភ្នាក់ងារអវកាសរុស្ស៊ី និងទីភ្នាក់ងារអវកាសអឺរ៉ុបជាដើម បាននាំគ្នាសម្តែងការអបអរសាទរ ចំពោះការនេះដែលធ្វើឱ្យប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសនានា ក៏បានផ្សាយដំណឹងពាក់ព័ន្ធព្រមៗគ្នា។
ការចុះចតដោយជោគជ័យរបស់ យានអវកាសរុករកភពព្រះអង្គារឈ្មោះ "TianWen-1" លើកនេះបានបង្ហាញថា ប្រទេសចិនបានក្តាប់ជាប់នូវបច្ចេកវិទ្យាដ៏ស្មុគស្មាញជាច្រើន សម្រាប់ចុះចតនៅលើភពព្រះអង្គារដោយមានសុវត្ថិភាព។ ជាពិសេស ការរុករកភពព្រះអង្គារលើកដំបូងរបស់ចិន ក៏សម្រេចបាននូវគម្រោងបីតែម្តង ពោលគឺការហោះហើរជុំរិញការចុះចត និងការយាមល្បាតដែលបានបង្កើត "កំណត់ត្រាលើកដំបូង" នៅលើពិភពលោក។
តាមពិតទៅ ការចុះចតដោយជោគជ័យរបស់ យានអវកាសរុករកភពព្រះអង្គារឈ្មោះ "TianWen-1" នៅលើភពព្រះអង្គារ មិនត្រឹមតែជាភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏មានសារសំខាន់ចំពោះពិភពលោកផងដែរ។
បើមើលពីមុំបច្ចេកវិទ្យា ការរុករកភពព្រះអង្គារ គឺជាជំហានសំខាន់មួយរបស់មនុស្សជាតិ ដើម្បីស្វែងយល់ពីចក្រវាល។ ការបង្កើនការយល់ដឹងពីភពព្រះអង្គារ មិនត្រឹមតែមានអំណោយផលដល់ការស្វែងយល់បន្ថែមទៀត ពីភាពអាថ៌កំបាំងរបស់ចក្រវាល និងប្រភពដើមនៃអាយុជីវិតរបស់មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ ការអភិវឌ្ឍរបស់ផែនដីផងដែរ។
ព្រមពេលជាមួយគ្នានេះ ភារកិច្ចរុករកភពព្រះអង្គាររបស់ប្រទេសចិន បានបង្កើតវេទិកាសហប្រតិបត្តិការអន្តរជាតិថ្មី។ ក្នុងការអនុវត្តភារកិច្ចរបស់យានអវកាស "TianWen-1" លើកនេះ រដ្ឋបាលជាតិអវកាសប្រទេសចិន និងអង្គការ និងស្ថាប័នអន្តរជាតិ ដូចជាទីភ្នាក់ងារអវកាសអឺរ៉ុប អាហ្សង់ទីន បារាំង និងអូទ្រីសជាដើម បានធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធ។ អ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកក៏រំពឹងទុកថា រថយន្តភពព្រះអង្គារឈ្មោះ "Zhurong" នៃប្រទេសចិនអាចបញ្ជូនមកផែនដីវិញ នូវព័ត៌មានភូគព្ភៈសាស្ត្រ ដែលមិនបានដឹងពីមុន និងបង្កើនការយល់ដឹងរបស់មនុស្សជាតិទាំងមូល ចំពោះភពព្រះអង្គារ និងចក្រវាល។
ប្រសិនបើនិយាយថា ចាប់ពីតក្កកម្មធំៗចំនួន ៤ របស់ប្រទេសចិនដូចជា ត្រីវិស័យ ការបោះពុម្ព ការផលិតក្រដាស និងរំសេវមក ការរួមវិភាគទានរបស់ចិនចំពោះមនុស្សជាតិ ត្រូវបានជ្រាបចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាយូរហើយ នោះគ្មានអ្វីគួរឱ្យសង្ស័យឡើយ ការលោតផ្លោះបែបថ្មី នៃបច្ចេកវិទ្យារុករកភពផ្កាយរបស់ប្រទេសចិន នឹងនាំមកនូវការរំពឹងទុកថ្មីលើវិស័យបច្ចេកវិទ្យា និងជីវភាពរស់នៅរបស់ពិភពលោកទាំងមូល។ ប្រការកាន់តែសំខាន់ជាងទៀត គឺប្រទេសចិនបានបញ្ជាក់តាមរយៈប្រតិបត្តិការជាក់ស្តែងថា យក "កិច្ចសហប្រតិបត្តិការផ្នែកអវកាស" ជំនួសឱ្យ "ការប្រកួតប្រជែងផ្នែកអវកាស" វិញ ទើបសមស្របនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល៕