(តៃប៉ិ)៖ នៅថ្ងៃចន្ទនេះ តៃវ៉ាន់បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៅក្នុងសហគមន៍ចំនួន ៣៣៣នាក់ថែមទៀត ស្របពេលដែលការឆ្លងរាលដាលនៃជំងឺ COVID-19 ហាក់កំពុងតែវាយលុកខ្លាំងជាលើកដំបូង លើដែនកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
តៃវ៉ាន់ត្រូវគេចាត់ទុកជា គំរូមួយនៃការគ្រប់គ្រង COVID-19 ក៏ប៉ុន្តែរយៈពេលត្រឹមមួយសប្តាហ៍ចុងក្រោយនេះ តៃវ៉ាន់បានរាយការណ៍ ករណីឆ្លង COVID-19 ក្នុងសហគមន៍រហូតដល់ជាង ៧០០ករណី ក្នុងចំណោមករណីឆ្លងសរុប ២,០១៧ករណី ដែលត្រូវបានកត់ត្រាចាប់តាំងតែពី វិបត្តិជំងឺរាតត្បាតសកលនេះ បានផ្ទុះឡើងដំបូង។ ចំពោះមុខស្ថានភាពគួរឲ្យបារម្ភបែបនេះ អាជ្ញាធរតៃវ៉ាន់បានដាក់ចេញវិធានការរឹតត្បិត នៅទីក្រុងតៃប៉ិ ជាលើកដំបូងបំផុត។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក៏បាននិងកំពុងប្រព្រឹត្តទៅ នៅកោះតៃវ៉ាន់ផងដែរ ប៉ុន្តែមកទល់ពេលនេះ តៃវ៉ាន់ទទួលបានវ៉ាក់សាំងត្រឹម ៣០០,០០០ដូសប៉ុណ្ណោះ ដែលជារបស់ក្រុមហ៊ុន AstraZeneca ខណៈវ៉ាក់សាំង ២០លានដូស ដែលខ្លួនបញ្ជាទិញពីក្រុមហ៊ុន Moderna មិនទាន់ឃើញមកដល់ឡើយ។
យោងតាមទិន្នន័យរបស់អាជ្ញាធរតៃវ៉ាន់ ប្រហែលជា០១ភាគរយប៉ុណ្ណោះ នៃប្រជាជនតៃវ៉ាន់សរុបចំនួន២៣លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ហើយកាលពីសប្តាហ៍មុន អាជ្ញាធរសុខាភិបាលតៃវ៉ាន់ បានសម្រេចចិត្តផ្អាក ការចាក់ឲ្យជនដែលពុំស្ថិតនៅក្នុងបញ្ជីអាទិភាព ដូចជាបុគ្គលិកពេទ្យ និងអ្នកមានវ័យចំណាស់ ជាដើម៕