(ញូដេលី)៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក រ៉ាចណាត ស៊ីង (Rajnath Singh) និងរដ្ឋមន្ត្រីសុខាភិបាលលោក ហាស វ៉ាដាន (Harsh Vardhan) នៅថ្ងៃចន្ទនេះបានបញ្ចេញបាច់ដំបូងនៃថ្នាំ 2DGប្រឆាំង COVID-19 អភិវឌ្ឍឡើងដោយអង្គការស្រាវជ្រាវ និងការអភិវឌ្ឍផ្នែកការពារជាតិ (DRDO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានឥណ្ឌា (hindustan times) នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
លោក Harsh Vardhan បានបញ្ជាក់ដែរថា ថ្នាំ 2DG បានក្លាយជាថ្នាំប្រឆាំង COVID-19 ផលិតនៅក្នុងស្រុកដំបូងបំផុតរបស់ឥណ្ឌា ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ខណៈអង្គការ DRDO បានដើរតួនាទី យ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ហើយថ្នាំដែលទើបតែផលិតបានជោគជ័យនេះ នឹងមិនត្រឹមតែជួយឥណ្ឌាប៉ុណ្ណោះទេ តែវាក៏នឹងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយជំងឺឆ្លង ដ៏កាចសាហាវមួយនេះជាលក្ខណៈសកលផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ក្រសួងការពារជាតិឥណ្ឌា បានបង្ហាញលទ្ធផលធ្វើតេស្ដឲ្យឃើញថា ថ្នាំ 2-deoxy-D-glucose (2-DG) មានសមត្ថភាពអាចព្យាបាលអ្នកជំងឺ COVID-19 ឲ្យឆាប់ជាសះស្បើយបានលឿនរហ័ស និងអាចកាត់បន្ថយរយៈពេលសម្រាកព្យាបាល ដែលពឹងលើការប្រើអុកស៊ីសែនផងដែរ។ ថ្នាំ 2-DG ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយអាជ្ញាធរនិយ័តករឥណ្ឌា សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរ៕