(ហ្សាកាតា)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងតែត្រៀមខ្លួនសម្រាប់ការកើនឡើងនូវករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ បន្ទាប់ពីប្រជាជនជាច្រើនបានសម្រុកទៅស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យចេញបួសខែរ៉ម៉ាឌន ដែលគេហៅថា Eid al-fitri។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជាប្រធានទីភ្នាក់ងារគ្រោះមហន្តរាយលោក Sadikin បានកត់សម្គាល់ថា មានការកើនឡើងនូវករណីឆ្លងថ្មីជាច្រើន បន្ទាប់ពីថ្ងៃឈប់សម្រាកពិធីបុណ្យចេញបួសកន្លងទៅនេះ។
រដ្ឋមន្ត្រីរូបនេះបានគួសបញ្ជាក់ថា ការកើនឡើងករណីឆ្លងថ្មី បន្ទាប់ពីថ្ងៃឈប់សម្រាកសាធារណៈនេះគឺមានចន្លោះពី ៣០ ទៅ ៩០ភាគរយ ដូច្នេះរដ្ឋាភិបាលបានរៀបចំគ្រែបន្ថែមសម្រាប់អ្នកជំងឺកូវីដ-១៩ នៅពេលនេះ។
លោក Sadikin បានបន្ថែមទៀតថា ក្រសួងសុខាភិបាលក៏បានធានាថា នឹងមានថ្នាំពេទ្យគ្រប់គ្រាន់ ក៏ដូចជាបុគ្គលិកសុខាភិបាលផងដែរ។
គួរបញ្ជាក់ថា ថ្ងៃបុណ្យចេញបួសខែរ៉ម៉ាឌន គឺជាថ្ងៃបុណ្យសាសានដ៏ធំបំផុតមួយក្នុងចំណោមពីររបស់សាសនិកអ៊ីស្លាមនៅទូទាំងពិភពលោក។ ហើយវាក៏ជាព្រឹត្តិការណ៍សម្រាប់ជួបជុំសាច់ញ្ញាតិជិតឆ្ងាយដ៏ធំបំផុតផងដែរ សម្រាប់សាសនិកអ៊ីស្លាម។
នៅថ្ងៃចន្ទនេះឥណ្ឌូនេស៊ីបានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៤,២៩៥ករណី និងស្លាប់ ២១២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនលើស ១.៧លានករណីហើយ ក្នុងនោះស្លាប់ជាង ៤៨,០០០នាក់៕