(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៥,០៣០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៧៤៧,៤៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០០,៥៣៣នាក់ និងជាសះស្បើយឡើងសរុប ២៧,២០២,៣០៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកសរុប ២០លានដូសទៅបរទេស នៅត្រឹមដំណាច់ខែមិថុនាខាងមុខ ហើយវានឹងក្លាយជាលើកដំបូង ដែលសហរដ្ឋអាមេរិកធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីខ្លួនបានអនុម័តឲ្យប្រើប្រាស់ ជាផ្លូវការនូវវ៉ាក់សាំងទាំងនោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៧៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៧.៥លាននាក់ (៤៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១២៣.៣លាននាក់ (៣៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕