(ប៉េកាំង)៖ ក្នុងនាមជាប្រធានផ្លាស់វេនប្រចាំខែឧសភា នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ភាគីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់ជា សាធារណៈអំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលនៃក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី១៦ ខែឧសភា។ កិច្ចប្រជុំលើកនេះបានអំពាវនាវឱ្យភាគីទាំងពីរ ប៉ាឡេស្ទីន និងអ៉ីស្រាអែលឈប់បាញ់គ្នា និងបញ្ឈប់អំពើហិង្សាភ្លាម ហើយគូសបញ្ជាក់ថាសហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់ប្រតិបត្តិការជាបន្ទាន់ ជាពិសេសគឺ សហរដ្ឋអាមេរិកត្រូវតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន កាន់គោលជំហរយុត្តិធម៌ ដើម្បីគាំទ្រក្រុមប្រឹក្សាសន្តិសុខដើរតួនាទីដ៏ត្រឹមត្រូវក្នុងការបន្ធូរបន្ថយ ស្ថានការណ៍ កសាងទំនុកចិត្តជាថ្មីឡើងវិញនិងដោះស្រាយការប៉ះទង្គិចតាមវិធីនយោបាយ។
តើហេតុអ្វីបានជាសហរដ្ឋអាមេរិកត្រូវគេ «ហៅឈ្មោះ»? ពីព្រោះការប៉ះទង្គិចដ៏ធ្ងន់ធ្ងរបំផុតរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលចាប់តាំងពីសង្គ្រាមតំបន់ហ្គាហ្សា នៅឆ្នាំ២០១៤មក ដើមឡើយគឺជាផលវិបាកដ៏អាក្រក់ដែលបង្កដោយគោលនយោបាយនៅមជ្ឈិមបូព៌ាដ៏ខុសឆ្គងរបស់សហរដ្ឋអាមេរិក។
សូមយកគោលនយោបាយនៅមជ្ឈិមបូព៌ានៃរដ្ឋាភិបាលអាមេរិកអាណត្តិមុនជាឧទាហរណ៍ ពីការរើស្ថានទូតអាមេរិកប្រចាំនៅអ៉ីស្រាអែលពីក្រុងតែល អាវីវដល់ ក្រុងហ្សេរុយសាឡឹម ហើយទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល ដល់ការដាក់ចេញ «ផែនការសន្តិភាពថ្មីនៃមជ្ឈិមបូព៌ា» ដែលកាន់ជើង អ៉ីស្រាអែល រហូតដល់ទទួលស្គាល់ជាសាធារណៈនូវភាពស្របច្បាប់របស់ទីស្នាក់នៅជនជាតិជីហ្វ ទង្វើរបស់ភាគីអាមេរិកបានបំពានជាបន្តបន្ទាប់ នូវខ្សែបន្ទាត់ក្រហមជាច្រើនដែលបានបណ្តាលឱ្យស្ថានការណ៍សន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ។
បន្ទាប់ពីផ្ទុះការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលលើកនេះ រដ្ឋាភិបាលអាមេរិកអាណត្តិនេះបានប្រកាន់អាកប្បកិរិយាបណ្តែតបណ្តោយអ៉ីស្រាអែល ដោយឯកតោភាគី។ ស្ថានីយទូរទស្សន៍ Al Jazeera បានវាយតម្លៃថា ក្នុងនាមជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល សហរដ្ឋអាមេរិកគ្មានគំនិតដាស់តឿនឱ្យ ប្រទេសទាំងពីរ ប៉ាឡេស្ទីននិងអ៊ីស្រាអែលបន្ធូរបន្ថយស្ថានការណ៍ទាល់តែសោះ វាហាក់ដូចជាបញ្ចេញសំឡេងគាំទ្រអ៊ីស្រាអែល។
អ្វីដែលកាន់តែអាក្រក់ ជាងនេះគឺទោះបីជាប្រឈមមុខនឹងការពិតបង្ហូរឈាមដ៏ឃោរឃៅព្រៃផ្សែងដែលមានមនុស្សជាងមួយរយនាក់ស្លាប់ក្នុងការប៉ះទង្គិចរវាង ប៉ាឡេស្ទីននិង អ៉ីស្រាអែលជុំថ្មី សហរដ្ឋអាមេរិកនៅតែមិនភ្លេចប្រើ «ស្តង់ដារពីរ» ខាងសិទ្ធិមនុស្សដែលរារាំងមិនឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ចេញសំឡេង ជាច្រើនលើក។ អ្នកផងទាំងពួងនឹងសួរថា អ្នកនយោបាយអាមេរិកដែលតែងតែលើកឡើងពីសិទ្ធិមនុស្សមូស្លីមទាំងនោះម៉េចមិនយកចិត្តទុកដាក់ទាល់តែសោះ ចំពោះប្រជាជនប៉ាឡេស្ទីនដែលធ្លាក់ចូលក្នុងសង្គ្រាមនិងបាត់បង់អាយុជីវិត? ប៉ុន្តែ បើចង់ដោះស្រាយបញ្ហាត្រូវរកឃើញអ្នកបង្កបញ្ហានេះ។
ការប៉ះទង្គិចបង្ហូរឈាម រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលលើកនេះគឺមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដូច្នេះសហរដ្ឋអាមរិកត្រូវចេញមុខ បន្ធូរបន្ថយស្ថានការណ៍ ដោយម្ចាស់ការជំរុញដំណើរការចរចាសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដោយយុត្តិធម៌ និងគាំទ្រក្រុមប្រឹក្សាសន្តិសុខ ដើរតួនាទីរបស់ខ្លួន។
បើសិនជាមជ្ឈិមបូព៌ាគ្មានស្ថិរភាព នោះទូទាំងពិភពលោកក៏ពិបាកមានស្ថិរភាពដែរ។ សហរដ្ឋអាមេរិកគ្មានមូលហេតុណាដើម្បី «រក្សាគម្លាត» នោះទេ រហូតដល់ក្លាយជាឧបសគ្គក្នុងដំណើរសម្របសម្រួលអន្តរជាតិ៕