(ប៉េកាំង)៖ នាថ្ងៃទី១៥ ខែឧសភា យានរុករកអវកាស Tianwen-1 បានចុះចតលើផ្ទៃភពព្រះអង្គារដោយជោគជ័យ ហើយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ក៏បានផ្ញើសារលិខិតអបអរសាទរផងដែរ។ ឃ្លាទី១នៃសារលិខិតអបអរ បានចង្អុលបង្ហាញពីពេលវេលាមួយ គឺ «ក្នុងឱកាសខួបទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន» តើវិបេសកកម្មវិទ្យាសាស្ត្រដ៏សំខាន់មួយនេះ មានទំនាក់ទំនងប្រវត្តិសាស្ត្របែបណា ជាមួយការសម្រេចគោលដៅតស៊ូប្រឹងប្រែងមួយរយឆ្នាំ?
ក្នុងឋានៈជាតំណាង នៃកម្លាំងជាក់ស្តែងខាងបច្ចេកវិទ្យាជាតិ បេសកកម្មអវកាសជាប្រព័ន្ធដ៏ស្មុគ្រស្មាញមួយ ដែលត្រូវមានការទ្រទ្រង់ពីកម្លាំងជាតិ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត របស់អ្នកអវកាសប៉ុន្មានជំនាន់ ឥឡូវនេះប្រទេសចិនបានទៅជាប្រទេសទី២ ដែលមានយានអវកាសចុះចតលើផ្ទៃភពព្រះអង្គារដោយជោគជ័យ។
ក្នុងការរុករកលំហអវកាស លោក ស៊ី ជីនភីង តែងគូសបញ្ជាក់ពីកម្លាំងនៃស្មារតី។ ពេលបន្ទប់ស្នូលនៃស្ថានីយអវកាស ត្រូវបានបាញ់បង្ហោះដោយជោគជ័យ លោក ស៊ី ជីនភីង បានលើកឡើងក្នុងសារលិខិតថា រំពឹងថាអាចពង្រីកស្មារតី «បរមាណូពីរគ្រាប់ និងផ្កាយរណបមួយគ្រឿង» និងស្មារតីអវកាសដឹកមនុស្ស ពឹងផ្អែកលើការតស៊ូប្រឹងប្រែង របស់ខ្លួនធ្វើការច្នៃប្រឌិតថ្មីឥតឈប់ឈរ។
ពេលយានអវកាស Chang’e-5 ចុះចតលើផ្ទៃដីដោយនាំយក នូវសំណាកភពព្រះចន្ទ លោក ស៊ី ជីនភីង បានលើកឡើងក្នុងសារលិខិតថា រំពឹងថាអាចផ្សព្វផ្សាយយ៉ាងខ្លាំងក្លា នូវស្មារតីរុករកភព្រះចន្ទដែលរួមគ្នាពុះពារឧបសគ្គ ធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីចាប់ដំណើរថ្មីនៃការរុករកក្នុងលំហអវកាស។
ពេលយានរុករក Tianwen-1 បានចុះចតលើផ្ទៃភពព្រះអង្គារដោយជោគជ័យ លោក ស៊ី ជីនភីង បានលើកពីពាក្យគន្លឹះពីរ ក្នុងសារលិខិត -- «ហ៊ានសាកល្បង ស្វែងរកភាពឆ្នើម» គ្មានអ្វីគួរឱ្យសង្ស័យទេ នេះគឺជាការបង្ហាញពីស្មារតីរុករក ភពព្រះអង្គាររបស់ប្រទេសចិន។ «ដើម្បីរួមចំណែកថ្មីកាន់តែធំធេង សម្រាប់បុព្វហេតុដ៏ឧដុង្គឧត្តម នៃការរុករកអាថ៌កំបាំងនៃចក្រវាល និងជំរុញសន្តិភាព វឌ្ឍនភាពរបស់មនុស្សជាតិ!» នៅចុងបញ្ចប់នៃសារលិខិត លោក ស៊ី ជីនភីង បានគូសបញ្ជាក់ពីសន្តិភាពនិងវឌ្ឍនភាព ដែលបានបង្ហាញពីការខិតខំជំរុញ កិច្ចកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។
ប្រទេសចិនបានខិតខំរួមសហការ ជាមួយប្រទេសនានា ក្នុងការជំរុញការអភិវឌ្ឍខាងបច្ចេកវិទ្យាអវកាស និងជំរុញបេសកកម្មអវកាស ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ក៏ដូចជាជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យអវកាស។ រដ្ឋបាលជាតិអវកាសចិន បាននិងកំពុងផ្តួចផ្តើមឱ្យបង្កើតស្ថានីយអន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវពីភពព្រះចន្ទ ហើយក្នុងដំណើរអនុវត្តបេសកកម្មយានអវកាស Tianwen-1 រដ្ឋបាលជាតិអវកាសចិនក៏បានសហការ ជាមួយអង្គការអវកាសអន្តរជាតិដូចជា ទីភ្នាក់ងារអវកាសអឺរ៉ុប និងរដ្ឋបាលជាតិអវកាសអាហ្សង់ទីន បារាំង និងអូទ្រីសជាដើម។
លំហអវកាសគឺរបស់មនុស្សជាតិគ្រប់រូប។ ពេលនេះ ជនជាតិចិនបានសម្រេចការរុករកក្រៅពីភពផែនដីនិងភពព្រះច័ន្ទ ដល់ភពផ្កាយកាន់តែឆ្ងាយ ហើយក៏មុខជានឹងរួមចំណែកជា តម្រិះប្រាជ្ញានិងកម្លាំងរបស់ខ្លួន ដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់ការប្រើប្រាស់លំហអវកាសដោយសន្តិភាព និងជំរុញការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕