(វ៉ាស៉ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្នុងចំណោមអ្នកដែលត្រូវបាន ក្រសួងរតនាគារសហរដ្ឋអាមេរិក កត់ឈ្មោះបញ្ជូលក្នុងបញ្ជីខ្មៅនោះរួមមាន សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃរបបយោធាមីយ៉ាន់ម៉ាចំនួន ០៤នាក់, រដ្ឋមន្ត្រីចំនួន ០៧នាក់, ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលគ្រប់គ្រងដោយរបបយោធា និងទេសាភិបាលធនាគារកណ្តាលមីយ៉ាន់ម៉ាផងដែរ។
រីឯមនុស្ស ០៣នាក់ផ្សេងទៀត ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅខាងលើនេះដែរ គឺជាកូនរបស់សមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលត្រូវបានដាក់ទណ្ឌកម្មរួចទៅហើយ នៅមុនរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី ក្រោយពីបក្សលោកស្រីបានទទួលជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដីនៅអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ខណៈយោធាបានចោទថា ការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយមិនប្រក្រតី ឬមានការក្លែងបន្លំសន្លឹកឆ្នោត។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះមានគោលបំណង ដើម្បីរារាំងពួកគេមិនឱ្យចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល តាមរយៈការហាមឃាត់បុគ្គល និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក រួមទាំងធនាគារបរទេសនានា ដែលមានសាខានៅសហរដ្ឋអាមេរិក ពីការធ្វើជំនួញជាមួយបុគ្គល និងអង្គភាពមីយ៉ាន់ម៉ា ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ។ ការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍ថា មនុស្សជាង ៨០០នាក់ហើយបានស្លាប់ ដោយសារតែការបង្ក្រាបបាតុកម្ម នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១៕