(ប៉េកាំង)៖ យានចល័តរបស់ចិនដែលទើបចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ (Mars) នឹងចាប់ផ្តើមធ្វើសកម្មភាពជាលើកដំបូង នៅចុងសប្តាហ៍នេះ ប្រសិនបើអ្វីៗបន្តប្រព្រឹត្តទៅតាមការគ្រោងទុក។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
យានចល័ត (Rover) ខាងលើ ដែលជាផ្នែកសំខាន់បំផុត នៃបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ លើកដំបូងបំផុតរបស់ប្រទេសចិន Tianwen-1 បានចុះទៅដល់លើផ្ទៃភពក្រហមនោះដោយសុវត្ថិភាព កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅឯតំបន់គេហៅថា យូថូភា ផ្លេនីធា (Utopia Planitia)។ តែចាប់តាំងពីពេលទៅដល់ទីនោះ យាន Rover ដែលចិនដាក់ឈ្មោះឲ្យថា ជូ រ៉ង (Zhurong) បានបន្តស្ថិតនៅលើជើងទម្រចុះចតរបស់វា ដោយពុំទាន់ធ្វើសកម្មភាពអ្វីនៅឡើយទេ។
បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ ក្រោយការចុះចតភ្លាមៗ យាន Zhurong នឹងចំណាយពេលស្ថិតនៅលើជើងទម្រពី ៧-៨ថ្ងៃសិន ដើម្បីសិក្សាពីបរិស្ថាននៅជុំវិញ ព្រមទាំងធ្វើការឆែកប្រព័ន្ធ និងឧបករណ៍ផ្សេងៗរបស់វា។ ដូច្នេះគេរំពឹងថា Zhurong នឹងចាប់ផ្តើមបរចុះលើជើងទម្រ (lander) នោះ ហើយទៅប៉ះនឹងដីភពអង្គារផ្ទាល់ ជាលើកដំបូងនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។
ម៉្យាងវិញទៀត ក៏មិនទាន់ឃើញរូបភាពណាមួយ ដែលថតបានដោយយាន Zhurong នៅលើផ្ទៃភពអង្គារនៅឡើយដែរ ប៉ុន្តែរូបភាពទាំងនោះ អាចមកដល់ឆាប់ៗនេះ ដ្បិតផ្កាយរណបនៃបេសកកម្ម Tianwen-1 ទើបតែបានទម្លាក់ខ្លួនមកគន្លងគោចរទាបជាងមុន ដែលអំណោយផលសម្រាប់ការបញ្ជូនទិន្នន័យធំៗរវាងយាន Zhurong ហើយនិងក្រុមការងារបេសកកម្ម ដែលនៅលើផែនដី។
គួរបញ្ជាក់ថា បេសកកម្ម Tianwen-1 របស់ចិន បានចាកចេញពីផែនដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ គឺក្នុងខែតែមួយ ដូចបេសកកម្មអាម៉ាល់ (Amal ឬ Hope) របស់អេមីរ៉ាត់អារ៉ាប់រួម និងបេសកកម្ម ភើសេវើរិនស៍ (Perseverance) របស់សហរដ្ឋអាមេរិកដែរ ហើយវាបានទៅដល់ក្បែរភពអង្គារ កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ គឺពេលដំណាលគ្នាដដែល។ សម្រាប់បេសកកម្ម Hope ជាបេសកកម្មមានតែផ្កាយរណបប៉ុណ្ណោះ ចំណែកបេសកកម្ម Perseverance គឺជាយាន Rover ដូចយាន Zhurong របស់ចិនដែរ តែវាបានចុះចតនៅលើភពអង្គារមុន កាលពីខែកុម្ភៈ៕