(ហាណូយ)៖ ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួននឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Pfizer ប្រមាណ «៣១លានដូស» នៅក្នុងឆ្នាំ២០២១ ប៉ុន្តែពេលនេះបញ្ហាបានលេចឡើងហើយ ដោយការចរចាទិញកំពុងជួបឧបសគ្គ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
រដ្ឋាភិបាលកំពុងប្រមូលផ្តុំនូវជម្រើស ក្នុងការទិញវ៉ាក់សាំង Pfizer-BioNTech ខណៈក្រុមហ៊ុនដែលផលិតវ៉ាក់សាំងនេះនៅអាមេរិក បានបដិសេធក្នុងការចរចាអំពីតម្លៃ ទៅតាមការចង់បានរបស់ភាគីវៀតណាម។ យ៉ាងណាក៏ដោយ តម្លៃវ៉ាក់សាំងដែលវៀតណាមគ្រោងទិញនោះ មិនត្រូវបានបង្ហើបឡើយ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ (Pham Minh Chinh) បានគូសបញ្ជាក់ថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវបានចាត់តាំងរួចហើយ ដើម្បីសិក្សាលើគំនិតនានា ក្នុងការដោះស្រាយបញ្ហាចំពោះមុខ នោះគឺវៀតណាមនឹងត្រូវទិញឲ្យបាន វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមលោក ង្វៀន ថាញ់ ឡុង (Nguyen Thanh Long) បានលើកឡើងថា «ក្រុមហ៊ុន Pfizer មិនយល់ព្រមក្នុងការចរចាទៅលើតម្លៃ និងលក្ខខណ្ឌដទៃៗទៀត នៅក្នុងកិច្ចសន្យានោះទេ ហើយរៀតណាមត្រូវធ្វើការឆ្លើយតបទៅ Pfizer វិញមិនឲ្យហួសពីថ្ងៃអង្គារនេះឡើយ»។
គួរបញ្ជាក់តាមការលើកឡើងរបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ទៀតថា ការទិញវ៉ាក់សាំងគឺពិតជារឿងចាំបាច់ និងបន្ទាន់ ហើយក្រសួងសុខាភិបាលដែលទទួលបន្ទុករឿងនេះ កំពុងតែធ្វើការជ្រើសរើសនូវប្រភេទវ៉ាក់សាំង ដែលវៀតណាមគួរទិញ។ លោក ជិញ បានសង្កត់ធ្ងន់ថា «នេះជាស្ថានការណ៍បន្ទាន់ ដែលគួរតែមានកិច្ចព្រមព្រៀង (ទិញវ៉ាក់សាំង) ឲ្យបានឆាប់បំផុត»។
ចំណែកឯវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ៣៨.៩លានដូស នឹងត្រូវផ្តល់ជូនប្រទេសវៀតណាម តាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក (WHO) ជាបន្តបន្ទាប់ ខណៈកាលពីថ្ងៃអាទិត្យសប្តាហ៍មុន វ៉ាក់សាំងប្រមាណ ១.៧លានដូសរួចទៅហើយ បានមកដល់ប្រទេសវៀតណាម។
គិតត្រឹមចុងសប្តាហ៍មុននេះ ប្រជាជនវៀតណាមសរុបជិត ១លាននាក់ហើយ (១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយក្នុងនោះ ៩០ម៉ឺននាក់បានទទួលការចាក់ដូសដំបូង និង ៤ម៉ឺននាក់បានទទួលការចាក់គ្រប់ដូស៕