(ប៉េកាំង)៖ លោក Paul Sheard អ្នកស្រាវជ្រាវនៅសាលា Harvard Kennedy Schools បានសរសេរនៅក្នុងអត្ថបទថ្មីមួយនៅក្នុងកាសែត South China Morning Post ថា «សហរដ្ឋអាមេរិក និងបស្ចិមប្រទេសត្រូវការការទទួលស្គាល់ការពិត ៣យ៉ាងអំពីប្រទេសចិន»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

អតីតប្រធានសេដ្ឋវិទូនៅ S&P Global រូបនេះបានសរសេរថា ការពិតដំបូងបង្អស់គឺថា ចិនជាប្រទេស «សេដ្ឋកិច្ចយក្ស» នឹងកាន់តែរីកចម្រើនទៅៗ និងកាន់តែជឿនលឿនខាងបច្ចេកវិទ្យា។

ទីពីរគឺថា ប្រព័ន្ធនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ចិនដែលមានភាពខុសគ្នាពីសហរដ្ឋអាមេរិកនិងលោកខាងលិច បានបង្ហាញសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ និងបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋជាច្រើនឱ្យរួចផុតពីភាពក្រីក្រ»

ចំណែកទីបីគឺថា ប្រទេសចិនមានទស្សនៈជាច្រើនខុសគ្នាពីសហរដ្ឋអាមេរិកដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ វប្បធម៌ និងគុណតម្លៃរបស់ចិន។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននាប៉ុន្មានឆ្នាំខាងមុខទៀតនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វាសនាពិភពលោក។

លោក Sheard បានសរសេរថា «មាគ៌ាត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិក និងចិន នឹងតម្រូវឱ្យប្រទេសទាំងពីរធ្វើការជាមួយគ្នានិងជាមួយប្រទេសផ្សេងទៀត ដើម្បីពង្រឹងនិងកែលម្អស្ថាប័នដែលរួមចំណែកដល់សន្តិសុខ និងវិបុលភាពសកល ក៏ដូចជាការដោះស្រាយបញ្ហាសកលរួមជាច្រើន»