(បាងកក)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃនឹងចាប់ផ្តើមធ្វើកោសលវិច័យឲ្យច្បាស់លាស់ ដើម្បីកំណត់មូលហេតុនៃការស្លាប់របស់ លោក Andrii Beshta ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការដោយយកចិត្តទុកដាក់ជាទីបំផុត ចំពោះករណីនេះ ហើយលោក Songsak Raksaksakul ប្រធានទីភ្នាក់ងារឯកទេសកោសលវិច័យថៃ CIFS នឹងត្រួតពិនិត្យដំណើរការកោសលវិច័យដោយផ្ទាល់ លើសពអគ្គរដ្ឋទូតអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Beshta បានស្លាប់ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ពេលកំពុងតែសម្រាកវិស្សមកាល ជាមួយកូនប្រុស នៅឯរីសតមួយកន្លែងឈ្មោះ Bunga លើកោះ Lipe នៃខេត្ត Satun ភាគខាងត្បូងប្រទេសថៃ។ បើតាមរបាយការណ៍របស់ប៉ូលិសប្រចាំកោះ Lipe លោក Beshta អាចទទួលមរណភាព ដោយសារតែគាំងបេះដូង។ លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែន មានអាយុ៤៥ឆ្នាំ៕