(សៀងហៃ)៖ ប្រទេសចិន នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅភាគខាងត្បូងប្រទេស ដោយបានរកឃើញនូវករណីឆ្លងក្នុងស្រុកថ្មីៗចំនួន ១៨ករណីបន្ថែមទៀត កាលពីថ្ងៃទី៣០ ខែឧសភា នៅទីក្រុងក្វាងចូវ ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរ យ៉ាងព្រោងព្រាត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ។
ក្នុងចំណោមករណីឆ្លងថ្មីៗចំនួន ២៧ករណី ដែលត្រូវបានរាយការណ៍ដោយ អាជ្ញាធរសុខាភិបាលជាតិចិន ក្នុងរបាយការណ៍ប្រចាំថ្ងៃ មានតែ ០៧ករណីប៉ុណ្ណោះ ជាករណីនាំចូលដែលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលទើបវិលត្រលប់មកពីបរទេសវិញ ខណៈ ២០ករណីទៀត ជាករណីឆ្លងក្នុងស្រុក ដែលត្រូវបានរកឃើញ នៅខេត្តក្វាងទុង (Guangdong) ក្នុងនោះ១៨ករណី ត្រូវបានរកឃើញ នៅទីក្រុងក្វាងចូវ (Guangzhou) និង ០២ករណីទៀត នៅទីក្រុងហ៉្វូសាន (Foshan)។
គិតត្រឹមម៉ោង ១១៖៤០នាទីព្រឹក ជើងហោះហើរសរុបចំនួន ៥១៩ជើង នៅអាកាសយានដ្ឋានអន្តរជាតិប៉ៃយុន (Baiyun) នៃខេត្តក្វាងចូវ ត្រូវបានលុបចោល ដែលស្មើនឹង៣៧ភាគរយនៃជើងហោះហើរសរុបសម្រាប់ថ្ងៃនេះ។ អាកាសយានដ្ឋានអន្តរជាតិនេះ ដែលមានអ្នកដំណើរចេញ-ចូលចំនួន ៤៣.៨លាននាក់ កាលពីឆ្នាំមុន គឺជាអាកាសយានដ្ឋានដែលមមាញឹកជាងគេបំផុត នៅលើពិភពលោក ខណៈពិភពលោកកំពុងរងការរាតត្បាតដោយសារជំងឺឆ្លង (COVID-19)។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៩១,០៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,១៣៥នាក់៕