(បាងកក)៖ អាជ្ញាធរនៅខេត្តចំនួន ៦២ ក្នុងចំណោមខេត្តទាំង ៧៦ នៃប្រទេសថៃបានបង្ហាញការចាប់អារម្មណ៍ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ក្នុងការស្ទង់មតិមួយ ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងការស្ទាបស្ទង់មតិខាងលើ មានតែខេត្តចំនួន ០៩ប៉ុណ្ណោះ ដែលមិនចាប់អារម្មណ៍ចំពោះវ៉ាក់សាំង Sinopharm ខណៈ ០៤ខេត្តទៀតស្ទាក់ស្ទើរ និងមួយខេត្តចុងក្រោយមិនបានធ្វើការឆ្លើយតប។ សម្រាប់រាជធានីបាងកកវិញ គឺមិនបានចូលរួមការស្ទង់មតិឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្តថៃ ជូលាផន (Chulabhorn) បានប្រកាសថា ខ្លួនគ្រោងនាំចូលវ៉ាក់សាំង Sinopharm ចំនួន ០១លានដូសពីប្រទេសចិន នៅខែមិថុនាខាងមុខនេះ ជាពេលដែលរដ្ឋាភិបាលថៃ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងទ្រង់ទ្រាយធំតែម្តង។
គួរបញ្ជាក់ថា វ៉ាក់សាំង Sinopharm ទើបត្រូវបានអាជ្ញាធរសុខាភិបាលថៃ អនុម័តឲ្យប្រើប្រាស់កាលពីសប្តាហ៍មុន។ វ៉ាក់សាំងដទៃទៀត ដែលត្រូវបានអនុម័តរួមមានវ៉ាក់សាំង Moderna, វ៉ាក់សាំង Johnson & Johnson, វ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca ខណៈវ៉ាក់សាំងដែលរដ្ឋាភិបាលថៃកំពុងប្រើគឺមានតែ Sinovac និង AstraZeneca ប៉ុណ្ណោះ។
ពាក់ព័ន្ធការនាំចូលវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសថៃ រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្ត Chulabhorn ស្ថិតក្រោមការគ្រប់គ្រងនៃសែរាជវង្សថៃ ត្រូវបានផ្តល់សិទ្ធិឲ្យនាំចូល ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋាភិបាល ខណៈក្រុមហ៊ុនមួយទៀតគឺ បាយអូនជែណឺធិច (Biogenetech) ទើបត្រូវបានចុះបញ្ជីជា អ្នកនាំចូលផ្លូវការនៃវ៉ាក់សាំងនេះ៕