(បាងកក)៖ រដ្ឋាភិបាលថៃបានអនុញ្ញាតិឱ្យទីកន្លែងមួយចំនួន ដែលមិនមានពាក់ព័ន្ធនឹងចង្កោមឆ្លងរាលដាលនៃជំងឺ COVID-19 អាចបើកដំណើរការឡើងវិញ ចាប់ថ្ងៃអង្គារស្អែកនេះតទៅ ក្នុងនោះរួមមាន កន្លែងស្ប៉ា, សួនច្បារ និងគ្លីនិកថែរក្សាសម្រស់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
កន្លែងដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃអង្គារស្អែកនេះដែររួមមាន សារមន្ទីរ និងមជ្ឈមណ្ឌលសិក្សា ប៉ុន្តែត្រូវបានហាមឃាត់ខ្លះៗ ដោយមិនឱ្យមានការធ្វើទស្សនកិច្ចជាក្រុមឡើយ។ ហាងចាក់សាក់ ហាងផ្ដល់សេវាកម្មចោះក្រវិល ហាងធ្វើក្រចក កន្លែងស៉្បា គ្លីនិកថែរក្សាសម្រស់ និងហាងម៉ាស្សា ក៏ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផងដែរ លើកលែងតែការផ្ដល់សេវាកម្មម៉ាស្សាមុខ និងសេវាកម្មសូណា។
បន្ថែមពីខាងលើនេះ ឧទ្យានសាធារណៈ សួនរុក្ខសាស្ត្រ ឬសួនផ្កា ក៏ត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញដូចគ្នា ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យអង្គុយផ្ដុំគ្នាជាក្រុម និងមិនឱ្យទទួលទានអាហារ ឬស្រាឡើយ លើកលែងតែទឹកបរិសុទ្ធ។ ចំណែកឯកន្លែងផ្សេងៗទៀត នៅតែត្រូវបិទជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះដដែល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៩,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់៕