(ណៃពិដោ)៖ មេធាវីរបស់មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវយោធាទម្លាក់ពីអំណាច គឺលោកស្រី អោង សាន ស៊ូ ជី បានឲ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។
ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។ លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូ ជី នៅថ្ងៃចន្ទនេះបានប្រាប់ថា សវនាការខាងលើនឹងរៀបចំឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។
បើតាមតាមការបញ្ជាក់ពីមេធាវីលោកស្រី ស៊ូ ជី ឲ្យដឹងទៀតថា លោកបានជួបមុខលោកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោបាយរបស់លោកស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ ក្រោមការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត។
គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយប្រេសិតរបស់អាស៊ាន កាលពីសប្តាហ៍មុននេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង បានរំលឹកឡើងវិញថា លោកនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតសាជាថ្មី នៅពេលប្រទេសនេះវិលត្រលប់ទៅរកសភាពធម្មតាវិញ។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា រូបនេះក៏បាននិយាយទៀតថា ភាគីមីយ៉ាន់ម៉ាមានបំណងធ្វើការងាររួមគ្នាជាមួយអាស៊ាន ដើម្បីរក្សាស្ថិរភាព នៅក្នុងស្រុក និងអនុវត្តតាមគោលការណ៍កុងសង់ស៊ីស (consensus)៕