(ម៉ានីល)៖ ប្រទេសហ្វីលីពីននឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដំណាក់កាលថ្មីរបស់ខ្លួននៅសប្តាហ៍នេះ ដោយរាប់បញ្ចូលទាំងមនុស្សប្រមាណ ៣៥លាននាក់ ដែលកំពុងធ្វើការនៅខាងក្រៅផ្ទះរបស់ពួកគេផងដែរ ដូចជាបុគ្គលិកដឹកជញ្ជូនសាធារណៈជាដើម ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងដើម្បីបើកចំហសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលរួមក្នុងដំណាក់កាលថ្មីនេះ ដែលរាប់បញ្ចូលទាំងកម្មករនៅក្នុងវិស័យក្រៅផ្លូវការ នឹងអាចចុះឈ្មោះចាប់ពីថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយប្រទេសនេះរំពឹងថា នឹងមានវ៉ាក់សាំងបន្ថែមទៀត ដែលនឹងមកដល់នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៩លានដូសហើយ ដែលភាគច្រើនជាវ៉ាក់សាំងរបស់ ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) ប៉ុន្តែប្រទេសនេះ មានគោលដៅផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៧០លាននាក់នៅក្នុងឆ្នាំ២០២១នេះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់។

ប្រទេសហ្វីលីពីនត្រូវបានគេមើលឃើញថា ហាក់កំពុងដើរយឺតជាងបណ្ដាប្រទេសក្បែរខាងមួយចំនួន ព្រោះប្រជាជនហ្វីលីពីនតែ ៤.៤លាននាក់ប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងដូសទី ១ ហើយច្រើនជាង ១.៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី២ (គ្រប់ដូស)៕