(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន និងព្រះអគ្គមហេសី ស៊ូធីតា កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានព្រះរាជប្រទានឧបករណ៍ធ្វើតេស្តចល័ត COVID-19 ចំនួនប្រមាណ២០គ្រឿង ដល់ក្រសួងសុខាភិបាលថៃ ដើម្បីប្រើប្រាស់ធ្វើតេស្តរកជំងឺនេះ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
មកទល់ពេលនេះ ព្រះមហាក្សត្រថៃនិងព្រះអគ្គមហេសី បានប្រទានឧបករណ៍ធ្វើតេស្តខាងលើសរុបចំនួន៣៦គ្រឿងហើយ ដើម្បីជួយសម្រួលដល់កិច្ចការធ្វើតេស្តរកអ្នកឆ្លងជំងឺ COVID-19 ដើម្បីកាត់បន្ថយការកកកុញ នៅតាមមន្ទីរពេទ្យ។ ឧបករណ៍ទាំងនោះ ត្រូវបានបំពាក់នូវ បរិក្ខាធ្វើតេស្តនិងប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើប ដែលអនុញ្ញាតឲ្យការធ្វើតេស្តអាចប្រព្រឹត្តទៅ បានត្រឹមត្រូវនិងឆាប់រហ័ស។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាតត្បាតនៃ COVID-19 វិញ នៅថ្ងៃអង្គារនេះ ថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗ ចំនួន ២,៦៦២នាក់ និងស្លាប់ថ្មី២៨នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១៨២,៥៤៨នាក់ ក្នុងនោះស្លាប់១,២៩៧នាក់ និងជាសះស្បើយ១៣១,៩៩៩នាក់។ រីឯការចាក់វ៉ាក់សាំងបង្ការ សម្រេចបានជាង៤.៦លានដូស៕