(អ៊ូឡង់បាទ័រ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ម៉ុងហ្គោលី បានរាយការណ៍ឱ្យដឹងថា ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសម៉ុងហ្គោលីរយៈពេល០៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ ដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នឹងខិតជិតមកដល់នាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
វានឹងមានការហាមឃាត់រយៈពេល ៧២ម៉ោងពេញលើការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដោយចាប់ផ្ដើមពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅរដ្ឋធានី អ៊ូឡង់បាទ័រ (Ulan Bator) ដែលមានប្រជាជនរស់នៅប្រមាណជាងពាក់កណ្តាល នៃប្រជាជនសរុបរបស់ប្រទេសម៉ុងហ្គោលីចំនួន ៣.៣លាននាក់ រួមទាំងនៅខេត្តទាំង២១ របស់ម៉ុងហ្គោលីផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ុងហ្គោលី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ដោយមានបេក្ខជនចំនួន ០៣នាក់ ឈរឈ្មោះចូលរួមការប្រកួតប្រជែង គឺលោក អ៊ូខាណា ឃូរែលស៊ូក (Ukhnaa Khurelsukh) ជាប្រធានគណបក្សប្រជាជនម៉ុងហ្គោលី ដែលកំពុងកាន់អំណាច លោក សូដណុមហ្សាន់ឌុយ អឺដិន (Sodnomzundui Erdene) ជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅប្រទេសម៉ុងកហ្គោលី និងលោក ដាងហ្គាអាសួរែន អ៊ែងខាបាត (Dangaasuren Enkhbat) ជាអតីតសមាជិកសភា៕