(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសតែងតាំងលោកឧត្តមនាវីទោ អាឌែលូអ៊ីស បរដាដូ (Adeluis Bordado) ជាអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី។ នេះបើតាមសេចក្តីប្រកាស ពីក្រសួងការពារជាតិហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
លោកឧត្តមនាវីទោ អឌែលូអ៊ីស បរដាដូ នឹងត្រូវឡើងទៅជំនួសតំណែង អគ្គមេបញ្ជាការកងទ័ពជើងទឹកបច្ចុប្បន្ន គឺលោកឧត្តនាវីឯក ជីអូវ៉ាននី ខាឡូ បាខ័រដូ (Giovanni Carlo Bacordo) នៅថ្ងៃពុធស្អែកនេះហើយ។ អគ្គបញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន បានចាត់ទុកលោក អឌែលូអ៊ីស បរដាដូ គឺជាមន្ត្រីប្រកបដោយបទពិសោធន៍ និងសមត្ថភាពនៅក្នុងការឡើងកាន់់តំណែង ដ៏សំខាន់បំផុតមួយនេះ។
គួរបញ្ជាក់ថា ការតែងតាំងលោក អឌែលូអ៊ីស បរដាដូ ជាអគ្គមេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន បានកើតមានឡើងចំពេលដែល ប្រទេសដីកោះមួយនេះ កំពុងធ្វើទំនើបកម្មសព្វាវុធ ដើម្បីការពារសន្តិសុខដែនសមុទ្រ៕