(ឡុងដ៏)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចទៅកាន់ ក្រៅប្រទេសដំបូងបំផុត ចាប់តាំងពីលោកស្បថចូលកាន់តំណែងកាលពីខែមករាមក។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ លោក បៃដិននឹងត្រូវចូលរួមក្នុង កិច្ចប្រជុំកំពូល G7, កិច្ចប្រជុំអង្គការ NATO នៅឯទីក្រុងព្រុចសែល មុននឹងបន្តចេញដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែមិថុនានេះ។

ដំណើរទស្សនកិច្ចនេះនឹងក្លាយជាការធ្វើតេស្ដសមត្ថភាពរបស់លោក ចូ បៃដិន ក្នុងការផ្សះផ្សាទំនាក់ទំនង និងស្ដារទំនុកចិត្តពីបណ្ដាសម្ពន្ធមិត្តអឺរ៉ុបឡើងវិញ បន្ទាប់ពី ទំនាក់ទំនងទឹកឃ្មុំរវាងអាមេរិក និងអឺរ៉ុប ប្រែជាល្វីងជូរចត់អស់រយៈពេល ៤ឆ្នាំ នៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ។ មុនឡើងជិះយន្ដហោះ ចេញដំណើរទៅកាន់ទ្វីបអឺរ៉ុប លោក បៃដិនបានប្រាប់អ្នកសារព័ត៌មានថាដំណើរទស្សនកិច្ចរបស់លោកគឺមានគោលដៅពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពអន្តរ-អាត្លង់ទិច ឬសម្ពន្ធមិត្ត NATO ឡើងវិញ ហើយចង់ផ្ញើសារមួយយ៉ាងច្បាស់ឱ្យចិន និងរុស្ស៊ីដឹងថា អឺរ៉ុប និងសហរដ្ឋអាមេរិក «រួបរួមគ្នាជាធ្លុងមួយ»

រាប់ចាប់ពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក បៃដិនបានលើកឡើងម្ដងហើយម្ដងទៀតពីសារៈសំខាន់នៃ ការសា្ដរទំនាក់ទំនង និងប្រមូលផ្ដុំកម្លាំងសម្ពន្ធមិត្តអាមេរិកទាំងអស់ក្នុងការបេសកកម្មខ្ទប់ការកើនឡើងឥទ្ធិពលចិន និងដោះស្រាយការគំរាមកំហែងនានាពីរុស្ស៊ី។

តើទំនាក់ទំនងរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងត្រឡប់ទៅដូចដើមវិញឬទេ? ពិតមែនទៅ បណ្ដាប្រទេសអឺរ៉ុបភាគច្រើនសុទ្ធតែបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់ មកវិញសាជាថ្មីនៃសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក បៃដិន។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអឺរ៉ុបយល់ថាទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប ច្បាស់ណាស់ថានឹងមានភាពល្អប្រសើរនៅក្រោមអាណត្តិលោក បៃដិន តែវាប្រហែលជានឹងមិនអាចត្រឡប់ទៅល្អដូចដើមវិញនោះទេ ពីព្រោះអ្វីៗបានផ្លាស់ប្ដូរទៅហើយ។

ការផ្លាស់ប្ដូរនេះម្យ៉ាងដោយសារតែលោក ត្រាំផ្ទាល់ជាអ្នកផ្លាស់ប្ដូរ រីឯម្យ៉ាងទៀត មកពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ អស់រយៈពេលជាច្រើនទសវត្សរមកហើយ អង់គ្លេសត្រូវបានគេមើលឃើញថាប្រៀបដូចជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអាមេរិក និងសហភាពអឺរ៉ុប។

* អាចអត់ឱនឱ្យបាន តែចាំទុកក្នុងចិត្ត

បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនបានបង្ហាញការគាំទ្រ និងការស្វាគមន៍ចំពោះលោក ចូ បៃដិន ដែលបានក្លាយជាប្រធានាធិបតីអាមេរិកថ្មីដោយរំពឹងថា លោកអាចនឹងស្ដារឡើងវិញនូវទំនាក់ទំនងអឺរ៉ុប-អាមេរិក។ ដើម្បីស្ដារទំនាក់ទំនង និងទំនុកចិត្តឡើងវិញ លោក បៃដិន ក៏បានបង្ហាញឱ្យអឺរ៉ុបបានឃើញផងដែរតាមរយៈ ការប្រកាសត្រឡប់ចូលក្នុងប្រព័ន្ធពហុភាគីនិយមវិញ ក្នុងនោះរួមមានការនាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីសជាថ្មី, ការសន្យា ផ្ដល់ជំនួយដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO ជាដើម។

បើតាមក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអឺរ៉ុប ទោះជាលោក ចូ បៃដិន ទទួលបានការទុកចិត្តពីអឺរ៉ុបមកវិញក៏ដោយ ក៏មិនប្រាកដថាទំនាក់ទំនងនឹងល្អដូចដើមនោះដែរ ព្រោះក្នុងរយៈពេល ៤ឆ្នាំនៃការកាន់អំណាច លោក ដូណាល់ ត្រាំបានបន្សល់ទុកនូវការសង្ស័យច្រើនពេក ហើយពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអឺរ៉ុប។ និយាយឱ្យងាយស្ដាប់ អឺរ៉ុបអាចអត់ឱនឱ្យបាន តែមិនអាចបំភ្លេចទេនូវអ្វីដែលពួកគេបានឆ្លងកាត់ក្រោមសម័យកាលលោក ដូណាល់ ត្រាំ។ និយាយឱ្យងាយស្ដាប់អ្វីដែលអឺរ៉ុបបារម្ភ និងមិនទុកចិត្ត គឺមិនមែនលោក បៃដិនទេ ផ្ទុយទៅវិញគឺប្រព័ន្ធបោះឆ្នោតអាមេរិកដែលធ្វើឱ្យពួកគេបារម្ភ ខ្លាចថាលោក ដូណាល់ ត្រាំអាចនឹងឡើងមកកាន់តំណែងជាប្រធានាធិបតីម្ដងទៀត ឬអាមេរិកអាចនឹងមានប្រធានាធិបតីដូចជាលោក ត្រាំ នៅពេលអនាគត។

គួរបញ្ជាក់ថា នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានផ្ដល់មេរៀនជាច្រើនដល់អឺរ៉ុប ដែលបានចាប់គិតថាមិនត្រូវពឹងផ្អែកទាំងស្រុងលើអាមេរិក ឬប្រទេសណាមួយឡើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ គឺត្រូវពឹងលើខ្លួនឯងតែម្ដង។ ជាក់ស្ដែង ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែល ឡាមឺគែល ធ្លាប់បានចោទសួរជាសាធារណៈថា តើអឺរ៉ុបអាចពឹងផ្អែកលើសហរដ្ឋអាមេរិកការពារសន្តិសុខរបស់ខ្លួនតទៅទៀតបានដែរ ឬក៏យ៉ាងណារហូតដល់លើកឡើងពីគំនិតបង្កើតកងទ័ពអឺរ៉ុប ដើម្បីការពារទ្វីបអឺរ៉ុបទាំងមូលទៀតផង។

ដោយឡែក ការស្ទង់មតិមួយចេញផ្សាយដោយសារព័ត័មាន Politico ក៏បានបង្ហាញដែរថាប្រជាជនដែលត្រូវបានសម្ភាសន៍នៅតាមបណ្ដាប្រទេសអឺរ៉ុបដូចជាអាល្លឺម៉ង់ បារាំង អ៉ីតាលី និងអេស្ប៉ាញ ភាគច្រើនយល់ឃើញថាអឺរ៉ុបមិនត្រូវពឹងផ្អែកខ្លាំងពេកលើអាមេរិកនោះទេ ហើយគួរតែផ្ដោតលើសមត្ថភាពការពារជាតិរបស់ខ្លួន ទើបមិនចាំបាច់ត្រូវបារម្ភពីបញ្ហាសន្តិសុខ៕

ប្រភព៖ Politico (ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១)