(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនានេះថា វិធានការរបស់សហរដ្ឋអាមេរិកក្នុងការដកចេញបទបញ្ជាប្រតិបត្តិរបស់រដ្ឋបាល Trump ដែលមានគោលបំណងហាមឃាត់កម្មវិធី TikTok និង WeChat គឺជា «ជំហានវិជ្ជមាន» ចំពេលទំនាក់ទំនងនៃប្រទេសទាំងពីរបន្តមើលមុខគ្នាមិនចំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយនៅថ្ងៃព្រហស្បតិ៍នេះថា «យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងប្រស្រ័យជាមួយក្រុមហ៊ុនចិនដោយយុត្តិធម៌ និងជៀសវាងបញ្ហានយោបាយនិងពាណិជ្ជកម្ម។

លោក Gao បានសង្កត់ធ្ងន់ថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការលុបចោលបទបញ្ជាប្រតិបត្តិរបស់រដ្ឋាភិបាលមុនប្រឆាំងនឹងកម្មវិធី TikTok និង WeChat គឺជា «ជំហានវិជ្ជមានមួយនៅក្នុងទិសដៅដ៏ត្រឹមត្រូវ»។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Joe Biden សម្រេចដកហូតបទបញ្ជាប្រតិបត្តិ របស់អតីតប្រធានាធិបតីលោក Donald Trump ដែលជាប់ទាក់ទងនឹងការព្យាយាមហាមឃាត់ការទាញយកកម្មវិធី TikTok និង WeChat និងបានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មពិនិត្យមើលឡើងវិញនូវបញ្ហាសន្តិសុខដែលបង្កឡើងដោយកម្មវិធីទាំងនោះ៕