(អ៉ីស្រាអែល)៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនបានចាត់ទុក ការចាកចេញរបស់លោក Benjamin Netanyahu ក្នុងឋានៈជានាយករដ្ឋមន្រ្តីអ៉ីស្រាអែល ជាការបិទបញ្ចប់ជំពូកមួយ នៃ «សម័យកាលដ៏អាក្រក់បំផុត» ក្នុងជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

នៅចំពោះមុខការប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ របស់អាជ្ញាធរប៉ាឡេស្ទីនលោក Shtayyeh បាននិយាយថា «ការចាកចេញរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បន្ទាប់ពីកាន់អំណាចអស់រយៈពេល១២ឆ្នាំ គឺជាការបញ្ចប់នៃរយៈពេលដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត នៃជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន»

ប៉ុន្តែទោះជាយ៉ាងណាលោកក៏បាននិយាយដែរថា លោកគ្មានសង្ឈឹមថារដ្ឋាភិបាលថ្មីនេះ អាចនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយប៉ាឡេស្ទីនទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសភាអ៉ីស្រាអែល បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ្នកជាតិនិយមជ្វីហ្វប្រកាន់ស្តាំលោក Naftali Bennett ។ សម្ព័ន្ធភាពរបស់លោក រួមមានគណបក្សស្តាំនិយមកណ្តាល និងគណបក្សឆ្វេងនិយម ក៏ដូចជាគណបក្សអភិរក្សអ៉ីស្លាមនៅរដ្ឋជ្វីហ្វផងដែរ៕