(ហ្សេរូសាឡឹម)៖ អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញានៅថ្ងៃចន្ទនេះថា លោកនឹងផ្តួលរដ្ឋាភិបាលថ្មីវិញ បន្ទាប់ពីអតីតមេដឹកនាំអ៊ីស្រាអែលដែលកាន់អំណាចយូរបំផុតរូបនេះ ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋាភិបាលចម្រុះដែលមាន ៨គណបក្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

លោក Netanyahu បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឆាំង ដែលលោកបានកោះប្រជុំជាលើកដំបូងក្នុងនាមជាមេដឹកនាំថ្មី នៃក្រុមគណបក្សប្រឆាំង។

ដោយសំដៅទៅលើរដ្ឋាភិបាល នៃគូប្រជែងជាតិនិយមរបស់លោក គឺលោក Naftali Bennett និងលោក Yair Lapid ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Netanyahu បាននិយាយថា «រដ្ឋាភិបាលបោកប្រាស់នេះ នឹងដួលរលំឆាប់ៗនេះ»

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា (ពេលវេលានៅហ្សេរុយសាឡឹម) ក្រុមចម្រុះរបស់លោក Naftali Bennett អាចផ្តួលរំលំសម័យកាលដឹកនាំប្រទេស ១២ឆ្នាំរបស់លោក Benjamin Netanyahu។ លទ្ធផលនៃការបោះឆ្នោតផ្តល់ទំនុកចិត្ត គឺពិតជាប្រកៀកប្រកិតគ្នាបំផុត ដោយខុសគ្នាត្រឹម «មួយសំឡេង» ប៉ុណ្ណោះ ព្រោះនៅក្នុងសភាជាតិ សមាជិក ៦០រូប បានបោះឆ្នោតគាំទ្រការបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក Naftali Bennett ខណៈសមាជិក ៥៩រូបទៀតប្រឆាំង៕