(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធ ទី១៦ ខែមិថុនានេះ លោក ចូ បៃដិននឹងត្រូវជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាលើកដំបូងក្នុងនាមជា ប្រធានាធិបតីអាមេរិក នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បើទោះជាមិនមានការរំពឹងខ្ពស់ពីលទ្ធផលជាដុំកំភួនក៏ដោយ តែក្រុមវិភាគភាគច្រើនយល់ថាកិច្ចប្រជុំកំពូល នេះអាចនឹងជួយឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីគូសបន្ទាត់ក្រហមជាក់លាក់មួយលើភាពតានតឹងនៃទំនាក់ទំនងរវាងមហាអំណាចនុយក្លេអ៊ែរទាំង២។

ទីក្រុងហ្សឺណែវ ក៏ធ្លាប់ជាកន្លែងណាត់ជួបលើកដំបូងរវាងអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និងអតីតមេដឹកនាំសហភាពសូវៀត លោក Mikhail Gorbachev ផងដែរកាលពីឆ្នាំ១៩៨៥ ដែលពេលនោះបានជួយបន្ធូរបន្ថយភាពតានតឹងនៅក្នុងសម័យសង្រ្គាមត្រជាក់។ លោក Gorbachev ដែលបច្ចុប្បន្នមានអាយុ ៩០ឆ្នាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅថាវាចំាបាច់បំផុតដែលអាមេរិក និងរុស្ស៊ីត្រូវដោះស្រាយបញ្ហាដើម្បីធ្វើឱ្យទំនាក់ទំនង ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ហើយលោកថែមទាំងសង្កត់ធ្ងន់ទៀតផងថាលោក ចូ បៃដិនជាមនុស្សម្នាក់ដែលរុស្ស៊ីអាចចរចាជាមួយបាន។

ក៏ប៉ុន្តែមុនជួបគ្នា លោក បៃដិនធ្លាប់បានហៅលោក ពូទីនជាសាធារណៈថាជា «ឃាតក» រីឯទីក្រុងម៉ូស្គូបានបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងបញ្ជីខ្មៅនៃប្រទេស «អមិត្ត» ហើយសេតវិមាន និងវិមានក្រឹមឡាំងសុទ្ធតែបង្ហាញពីក្ដីរំពឹងតិចតួចចំពោះជំនួបកំពូលរវាងមេដឹកនាំទាំង២។ ដូច្នេះបើដឹងថាមិនមានលទ្ធផលអ្វីធំដុំជាមុនទៅហើយ ថាតើហេតុអ្វីនៅតែមានការរៀបចំជំនួបកំពូលនេះឡើង?

*អ្វីទៅជាគោលបំណងនៃការរៀបចំកិច្ចប្រជុំកំពូល?

ជំនួបកំពូលរវាងលោក បៃដិន និងលោក ពូទីន ត្រូវបានក្រុមអ្នកវិភាគ ដូចជាលោក ឌីមីទ្រី ត្រេនីន (Dmitri Trenin) បកស្រាយថាវាត្រឹមតែជាជំនួបមួយរៀបចំឡើង ដើម្បីឱ្យមេដឹកនាំនៃប្រទេសទាំង២ អាចរក្សាបាននូវទំនាក់ទំនងមានស្ថិរភាព និងអាចព្យាករបានតែប៉ុណ្ណោះ។ ពោលគឺគេមិនអាចហៅវាថាជាជំនួបដែលនឹងធ្វើឱ្យ ទំនាក់ទំនងអាមេរិក-រុស្ស៊ីល្អប្រសើរឡើងវិញភ្លាមៗនោះទេ។

លោក Dmitri Trenin ជានាយកមជ្ឈមណ្ឌល Carnegie Moscow បានគូសបញ្ជាក់ដូច្នេះថា៖ «ទោះបីជាយើងអាចមាន ឬមិនមានបរិយាកាសនៃទំនាក់ទំនងប្រកបដោយ ស្ថិរភាព, តែខ្ញុំជឿជាក់ថារឿងសំខាន់ដែលអាចសម្រេចបានជាលទ្ធផលពីការកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សឺណែវ នោះគឺការធ្វើឱ្យភាគីទាំងសងខាងបានដឹងច្បាស់ពី «បន្ទាត់ក្រហម» ដែលពួកគេកំពុងស្ថិតនៅ»

នៅត្រង់នេះមានន័យថាទោះជាសហរដ្ឋអាមេរិក និងរុស្ស៊ីមិនទុកចិត្តគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ក៏មហាអំណាចទាំង២ ត្រូវតែទទួលស្គាល់ពីភាពចាំបាច់ត្រូវការគ្នាទៅវិញទៅមក និងការធ្វើការជាមួយគ្នាដើម្បីបញ្ចៀសរាល់គ្រោះមហន្តរាយ។ «រុស្ស៊ី និងអាមេរិកនៅតែជាមហាអំណាចនុយក្លេអ៊ែរធំបំផុតនៅលើផែនដី និងជាសមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូចគ្នា។ នេះមានន័យថាទោះជាយើងពេញចិត្ត ឬមិនពេញចិត្ត យើងត្រូវតែធ្វើការជាមួយរុស្ស៊ីក្នុងការដោះស្រាយបញ្ហារួមរបស់ ពិភពលោក»។ នេះជាការលើកឡើងរបស់លោក Eric Green ជាអ្នកជំនាញផ្នែកកិច្ចការរុស្ស៊ី។

*តើមានអ្វីខ្លះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ?

បើតាមលោក Eric Green លោក បៃដិន និងលោក ពូទីន នឹងត្រូវពិភាក្សាគ្នាលើបញ្ហាជាច្រើនក្នុងនោះរួមមានការគ្រប់គ្រងអាវុធ, ព័ត៌មានវិទ្យា, ទំនាក់ទំនងការទូត, ពលរដ្ឋអាមេរិកកំពុងជាប់ពន្ធនាគារ, សំណុំរឿងឃុំខ្លួនមេបក្សប្រឆាំងរុស្ស៊ីលោក ណាវ៉ាល់នី, អ៉ីរ៉ង់, កូរ៉េខាងជើង, ស៊ីរី, អាហ្វហ្គានីស្ថាន, តំបន់អាក់ទិច និងការប្រែប្រួលអាកាសធាតុជាដើម។ បន្ថែមពីលើនេះ លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងលើកឡើងពីការបង្ក្រាបក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសបេឡារុស ព្រមទាំងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ខណៈការផ្សះផ្សាទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំង២អាចនឹងក្លាយ ជាអទិភាពបន្ទាន់សម្រាប់លោក បៃដិន និងលោក ពូទីន។

ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថារុស្ស៊ីលូកលាន់កិច្ចការបោះឆ្នោតអាមេរិក ទីក្រុងម៉ូស្គូបានសងសឹកវិញភ្លាមៗ កាលពីខែឧសភា តាមរយៈការកាត់បន្ថយបុគ្គលិកទូត និងការហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើការឱ្យស្ថានទូតអាមេរិក។ លោកស្រី Angela Stent ជានាយកមជ្ឈមណ្ឌល សម្រាប់ការសិក្សាពីតំបន់អឺរ៉ាស៊ី, រុស្ស៊ី និងអឺរ៉ុបខាងកើត មកពីសាកលវិទ្យាល័យ Georgetown យល់ថាទំាងអាមេរិក និងរុស្ស៊ីអាចធ្វើការ ឬផ្សះផ្សាគ្នាបានលើ ការស្ដារទំនាក់ទំនងការទូតឡើងវិញ ទោះជាមិនល្អខ្លាំងក៏ដោយ។

លោកស្រី Angela សង្កត់ធ្ងន់ដូច្នេះថា៖ «សហរដ្ឋអាមេរិក និងរុស្ស៊ីចាំបាច់ត្រូវធ្វើការជាមួយគ្នាយ៉ាងហោចណាស់លើការស្ដារទំនាក់ទំនងការទូតដែលជួយសម្រួលដល់ ទីក្រុងវ៉ាស៊ីនតោន អាចធ្វើការមួយចំនួនដែលខ្លួនចង់សហការជាមួយរុស្ស៊ី រីឯរុស្ស៊ីក៏ប្រហែលចង់បានបែបនេះដូចគ្នាដែរ»។ បើតាមលោកស្រី Angela Stent បញ្ហាដែល សហរដ្ឋអាមេរិក និងរុស្ស៊ីទទួលស្គាល់ថាចាំបាច់ត្រូវតែសហការគ្នា នោះគឺការរក្សាស្ថិរភាព និងការគ្រប់គ្រងអាវុធ។

*កិច្ចប្រជុំដើរតាមយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក បៃដិន ចំពោះរុស្ស៊ី?

ចាប់តាំងពីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក លោក ចូ បៃដិនបានព្យាយាមដើរតាមយុទ្ធសាស្ត្រមិនចង់ល្អនឹងគ្នា តែក៏មិនចង់មានជម្លោះ ជាមួយនឹងរុស្ស៊ីដែរ។ លោក បៃដិនបានចេញបទបញ្ជាឱ្យពិនិត្យឡើងវិញនូវសកម្មភាពអាក្រក់ដែលរដ្ឋបាលរបស់លោកចោទថាប្រព្រឹត្តឡើងដោយរុស្ស៊ី ក្នុងនោះរួមមាន៖ ការវាយប្រហារព័ត៌មានវិទ្យា ឬ Hack លើក្រុមហ៊ុនអាមេរិក SolarWinds, ការប្រើសារធាតុគីមីពុលប៉ុនប៉ងបំពុលសម្លាប់មេបក្សប្រឆាំងរុស្ស៊ី លោក ណាវ៉ាល់នី, ការលូកលាន់កិច្ចការបោះឆ្នោតអាមេរិកក្នុងឆ្នាំ២០១៦, ២០១៨ និង២០២០ ព្រមទាំងសេចក្ដីរាយការណ៍ថាទីក្រុងម៉ូស្គូបានផ្ដល់ប្រាក់រង្វាន់ជាថ្នូរនឹង ការសម្លាប់កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការចោទប្រកាន់ទាំងនេះត្រូវបានភាគីរុស្ស៊ីច្រានចោល។

យ៉ាងក៏ណាដោយ ដោយចាត់ទុកចិនជាគូសត្រូវធំបំផុត និងយូរអង្វែង លោក ចូ បៃដិនប្រហែលជាដឹងច្បាស់ថាការប្រជែងជាមួយរុស្ស៊ីផង និងជាមួយចិនផងក្នុងពេលតែ មួយ មិនមែនជាជម្រើសល្អនោះទេ។ ដូច្នេះចង់ ឬមិនចង់ លោក បៃដិន និងរដ្ឋបាលរបស់លោកត្រូវរក្សាទំនាក់ទំនង និងទុកប្រយោជន៍រួមខ្លះដើម្បីអាចទាញឱ្យរុស្ស៊ីឆ្ងាយ ពីចិនបន្តិច ឬក៏និយាយឱ្យងាយស្ដាប់ ធ្វើយ៉ាងណារារាំងកុំឱ្យចិន និងរុស្ស៊ីរួមដៃគ្នាទាំងស្រុងប្រឆាំងនឹងអាមេរិក៕

ប្រភព៖ Foreign Policy (ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១)