(ញូយ៉ក)៖ រដ្ឋញូយ៉ករបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានឈានដល់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏សំខាន់មួយហើយ និងបានចូលរួម ជាមួយរដ្ឋកាលីហ្វ័រញ៉ា ក្នុងការដកចេញនូវវិធានការរឹតត្បឹតប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះរបស់ខ្លួនស្ទើរតែទាំងស្រុងតែម្ដង។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ ឃូម៉ូ (Andrew Cuomo) បានថ្លែងថា «នេះគឺជាថ្ងៃដ៏អស្ចារ្យរបស់យើង ហើយយើងពិតជាសមនឹងទទួលបានវាណាស់ ព្រោះវាជាផ្លូវដ៏វែងឆ្ងាយណាស់ ទម្រាំយើងដើរដល់ថ្ងៃនេះ។ ឥឡូវនេះ យើងអាចត្រឡប់មករស់នៅដូចកាលពីមុនវិញហើយ»

ប្រជាជនដែលរស់នៅរដ្ឋញូយ៉ក យ៉ាងហោចណាស់ ៧០%ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០១ដូស ជាហេតុនាំឱ្យមានការដកចេញនូវវិធានការរឹតត្បឹតនានានៅក្នុងរដ្ឋនេះ។ ចំណែកឯរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋដំបូងបង្អស់ដែលត្រូវបានបិទទ្វារកាលពីឆ្នាំមុន ក៏បានដកចេញនូវវិធានការរឹតត្បឹតមួយចំនួនផងដែរ ដូចជាគ្មានការអនុវត្តគម្លាតសង្គម គ្មានការកំណត់ចំនួនមនុស្សចូលទៅកាន់ភោជានីយដ្ឋាន, បារ, ផ្សារទំនើប, ក្លឹបហាត់ប្រាណ, ពហុកីឡាដ្ឋាន និងកន្លែងផ្សេងៗដទៃទៀត ព្រមទាំងគ្មានការតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយសម្រាប់ប្រជាជនដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់។

អ្នករស់នៅទីក្រុង សាន់ហ្រ្វាន់ស៉ីស្គូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ាម្នាក់ឈ្មោះ Jim Bloedau បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា «ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំគិតថាដរាបណាយើងមានសុវត្ថិភាព វាពិតជាអស្ចារ្យណាស់។ ដូច្នេះហើយ សូមអ្នករាល់គ្នាចេញទៅក្រៅ ដើម្បីទទួលការចាក់វ៉ាក់សាំង។ វាពិតជាមានសុវត្ថិភាព ហើយអ្នករាល់គ្នាគួរតែថែរក្សាខ្លួនឯង និងថែរក្សាគ្នាទៅវិញទៅមក ទើបជាការល្អ»

គួរបញ្ជាក់ថា ការបើកទ្វារឡើងវិញ កំពុងកើតឡើងនៅក្នុងរដ្ឋទាំងពីរ ជារដ្ឋដែលបានមើលឃើញនូវការស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុត ដោយរដ្ឋកាលីហ្វ័រញ៉ាបានកត់ត្រានូវចំនួនអ្នកស្លាប់ជាង ៦៣,០០០នាក់ និងរដ្ឋញូយ៉កបានកត់ត្រានូវចំនួនអ្នកស្លាប់ជាង ៥៣,៥០០នាក់៕