(ប៊ែងហ្គាលូរុ)៖ ប្រាសាទថ្មកែវពណ៌ស តាច់ ម៉ាហាល់ (Taj Mahal) ដ៏ល្បីល្បាញមួយនៅប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បានបើកទ្វារឡើងវិញសារជាថ្មីហើយ ខណៈប្រទេសនេះមានការប្រញាប់ប្រញាល់ក្នុងការដកចេញនូវវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងគោលបំណងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន AP នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

ប្រាសាទថ្មកែវពណ៌ស Taj Mahal ត្រូវបានសាងសង់ក្នុងឆ្នាំ១៦៥៣ ក្រោមស្នាព្រះហស្តរបស់ព្រះចៅអធិរាជឥណ្ឌា សះចាហាន់ (Emperor Shah Jahan) នៃចក្រភពមូហ្គាល (Mughal Empire) ដើម្បីតម្កល់ព្រះសពព្រះមហេសីទីបីរបស់ព្រះអង្គ ដែលមានព្រះនាម ម៉ុមតាសស្មាហាល់ (Mumtaz Mahal) គឺជាទីចាប់អារម្មណ៍ដ៏ធំបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងប្រទេសឥណ្ឌា។

ប្រាសាទថ្មកែវពណ៌សនេះ ត្រូវបានបិទទ្វារកាលពីដើមខែមេសា ខណៈប្រទេសឥណ្ឌា បានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

បើទោះជាមានការបើកទ្វារឡើងវិញក៏ដោយ ប៉ុន្តែអ្នកទេសចរចំនួន ៦៥០នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលទស្សនានៅក្នុងបរិវេណនៃប្រាសាទថ្មកែវពណ៌ស Taj Mahal នេះ។

គួរបញ្ជាក់ថា ប្រាសាទថ្មកែវពណ៌ស Taj Mahal នេះ ស្ថិតនៅភាគខាងជើងទីក្រុងអាហ្គ្រា (Agra) នៃរដ្ឋអ៊ូតា ប្រាដេស (Uttar Pradesh) ប្រទេសឥណ្ឌា ហើយជាធម្មតាបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៧ ទៅ ៨លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យមជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ៕