(ប៉េកាំង)៖ នៅទីបំផុតគ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ (Shenzhou-12) និង អវកាសយានិកចំនួន ០៣រូប បានហោះឡើងទៅកាន់ទីអវកាស ប្រកបដោយជោគជ័យហើយ ដោយពួកគេនឹងត្រូវចូលរួមកសាងស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេចរូបរាងជាបណ្តើរៗ។

ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង ០៣រូបខាងលើនេះ ត្រូវបានធ្វើឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) នៃតំបន់វាលខ្សាច់ ហ្គោពី (Gobi) ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។ អវកាសយានិកទាំង ០៣រូប ដែលត្រូវជាក្រុមដំបូងគេ នៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់រយៈពេល ០៣ខែ។

អវកាសយានិកចិនទាំង ០៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់របស់ចិន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការស្រាវជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះមានដូចជាលោក នី ហៃហ្សេង (Nie Haisheng), លោក លីវ ប៉ូមីង (Liu Boming) និងលោក ថាង ហុងប៉ូ (Tang Hongbo)។

គួរបញ្ជាក់ថា យានអវកាស Shenzhou-12 ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល ៥៧៣វិនាទីនៃការបាញ់បង្ហោះ ចេញពីផ្ទៃផែនដី។ យាន Shenzhou-12 និងអវកាសយានិក ០៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី ០៣ ក្នុងចំណោមបេសកកម្មសរុបចំនួន ១១ ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីឲ្យរួចរាល់ នៅអំឡុងចុងឆ្នាំ២០២២។ បេសកកម្មបាញ់បង្ហោះទី ១ គឺជាបន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា និងទី ២ គឺបន្ទប់ស្តុកទំនិញ ធានចូវ ២ (Tianzhoi-2) កាលពីថ្ងៃទី២៩ ខែឧសភា។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបត្រួសៗពីអវកាសយានិកចំនួន ០៣រូប៖

*លោក នី ហៃហ្សេង (Nie Haisheng)

លោក នី ហៃហ្សេងដែលមានសញ្ញាប័ត្របណ្ឌិតផ្នែកទីអវកាស គឺជាអវកាសយានិកដ៏មានបទពិសោធន៍ម្នាក់របស់ចិន និងជាមេបញ្ជាការនៃយានអវកាស Shenzhou-12។ លោកកើតនៅឆ្នាំ១៩៦៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយ នៅខេត្ត Hubei ភាគកណ្ដាលប្រទេសចិន។ លោក នី ហៃហ្សេង មានបងស្រី៦នាក់ និងប្អូនប្រុសម្នាក់។ លោក បានចាប់ផ្ដើមការងារដំបូងជាកសិករផង និងបន្តសិក្សារៀនសូត្រផង។

បើតាមមិត្តរួមថ្នាក់របស់លោក លោក នី ហៃហ្សេងជាមនុស្សម្នាក់ចូលចិត្តអានសៀវភៅ ហើយមានចំណាប់អារម្មណ៍ខ្លាំងលើយន្ដហោះ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកត្រូវបានចុះឈ្មោះជាសិក្ខាកាមពីឡុតយន្ដហោះចម្បាំងដោយកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនក្នុងឆ្នាំ១៩៨៤។ នៅឆ្នាំ១៩៨៩ នៅពេលដែលបញ្ជាយន្ដហោះថ្មី តែម្នាក់ឯង លោកបានជួបបញ្ហាគាំងម៉ាស៊ីនយន្ដហោះ រីឯមេបញ្ជាការរបស់លោកបានបញ្ជាឱ្យលោកលោតឆត្រយោង ប៉ុន្តែលោក នី ហៃហ្សេង ប្រឹងប្រែងគ្រប់គ្រងយន្ដហោះ នោះទាំងប្រថុយជីវិត រហូតទាល់តែលោកអស់លទ្ធភាព ទើបលោកសម្រេចចិត្តលោតឆត្រយោង នៅពេលយន្ដហោះហោះនៅខ្ពស់ពី៤០០ ទៅ៥០០ ម៉ែត្រពីដី។

ក្រោយរួចផុតពីស្លាប់ លោក នី ហៃហ្សេង ទទួលបានមេដាយកិត្តិយសបីគ្រឿងដោយសារតែភាពក្លាហានរបស់លោក ហើយជាង១០ឆ្នាំ បន្ទាប់ពីឧបទ្ទវហេតុនេះលោកបាន ចូលរួមក្នុងក្រុមអវកាសយានិកដំបូងរបស់ប្រទេសចិន ព្រមទាំងត្រូវបានជ្រើសរើសជាបេក្ខជនម្នាក់ក្នុងចំណោម ៣នាក់ចុងក្រោយ សម្រាប់បេសកកម្មអវកាសចិននៅ ឆ្នាំ២០០៣។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានគេមើលឃើញពីសមត្ថភាពកាន់តែអស្ចារ្យ នៅក្នុងបេសកកម្មបាញ់បង្ហោះយាន Shenzhou-6 ចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan Satellite Launch Center ស្ថិតនៅភាគពាយព្យប្រទេសចិន និងនៅឆ្នាំ២០១៣ លោកបានចំណាយពេល១៥ថ្ងៃក្នុងទីអវកាស នៅលើយាន Shenzhou-10។

*លោក លីវ ប៉ូមីង (Liu Boming)

លោក លីវ ប៉ូមីង កើតនៅស្រុក Yi'an ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន នៅខែកញ្ញា ឆ្នាំ១៩៦៦។ លោកបានចូលរួមក្នុងការកងទ័ពរំដោះប្រជាជនចិន
ក្នុងឆ្នាំ១៩៨៥ និងជាសមាជិកគណបក្សកុម្មុយនិស្ដចិនក្នុងឆ្នាំ១៩៩០។ ដូចគ្នានឹងលោក នី ហៃហ្សេង លោក លីវ ប៉ូមីងក៏មានចំណាប់អារម្មណ៍ខ្ពស់លើយន្ដហោះ និងអវកាសផងដែរ។

នៅខែមករា ឆ្នាំ១៩៩៨ លោក លីវ ប៉ូមីង ត្រូវបានជ្រើសរើសឱ្យចូលរួមជាសមាជិកក្រុមអវកាសយានិកចិនដំបូង ហើយលោកបានសន្យាថានឹងប្រឹងប្រែងធ្វើការក្នុងបុព្វហេតុ អវកាសរបស់ប្រទេសចិន សម្រាប់ជីវិតនៅសេសសល់របស់លោក។ នៅឆ្នាំ២០០៥ លោកបានក្លាយជាអវកាសយានិកម្នាក់ក្នុងចំណោម៦នាក់ដែលបានចូលរួមក្នុង វគ្គបណ្ដុះបណ្ដាលចុងក្រោយនៃបេសកកម្ម Shenzhou-6 និងរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ទើបលោកក្លាយជាសមាជិកអវកាសយានិកនៃបេសកកម្ម Shenzhou-12។

*លោក ថាង ហុងប៉ូ (Tang Hongbo)

លោក ថាង ហុងប៉ូ គឺជាអវកាសយានិកក្មេងជាងគេនៅក្នុងបេសកកម្ម Shenzhou-12។ លោកកើតនៅខែតុលា ឆ្នាំ១៩៧៥ ក្នុងទីក្រុង Xiangtan នៃខេត្ត Hunan ភាគខាងត្បូង ប្រទេសចិន។ លោក ថាង ហុងប៉ូ បានចូលរួមក្នុងកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ១៩៩៥។ លោកធ្លាប់បញ្ជាការហោះហើររយៈពេល ១,១៥៩ម៉ោងប្រកបដោយសុវត្ថិភាព ហើយលោកបានក្លាយជាសមាជិកមួយរូបនៃក្រុមអវកាសយានិកទី២ របស់ចិននៅឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ លោកត្រូវបានជ្រើសរើសឱ្យក្លាយជាអវកាសយានិកមួយរូប នៃបេសកកម្ម Shenzhou-11៕

ប្រភព៖ Xinhau (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១)