(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាឱ្យអាជ្ញាធរបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីភាពចាំបាច់ក្នុងការបង្កើនការរឹតត្បិតផ្នែកសង្គមនៅក្នុងប្រទេស ចំពេលមានការកើនឡើង នៃករណីឆ្លងដែលបណ្តាលមកពីវិរុសបំប្លែងខ្លួនថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃប្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

ប្រធានាធិបតីលោក Joko Widodo បាននិយាយពេលទៅទស្សនាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅខាងក្រៅរដ្ឋធានីហ្សាការតាថា «យើងត្រូវការការបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីទទួលបានភាពសាុំជាសហគមន៍ ដែលយើងសង្ឃឹមថាអាចបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩»។

របាយការណ៍របស់ WHO នៅថ្ងៃព្រហស្បតិ៍នេះបានកត់សម្គាល់ថា ការកើនឡើងយ៉ាងខ្លាំង នៃអត្រាស្នាក់នៅមន្ទីរពេទ្យរបស់ឥណ្ឌូនេស៊ី គឺជាក្តីកង្វល់ដ៏ធំមួយ ហើយចាំបាច់ក្នុងការអនុវត្តវិធានការសុខភាពសាធារណៈ និងការរឹតត្បិតផ្នែកសង្គមក្នុងទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា នៅថ្ងៃនេះឥណ្ឌូនេស៊ីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ១២,៦២៤ករណី ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែមករាមក។ អ្នកជំងឺចំនួន ២៧៧នាក់ផ្សេងទៀតក៏បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះផងដែរ។

ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់ នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ៕