(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០៥៨ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២,៥៩៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៤៥៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,០៩៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២១០,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់ ១,៥៧៧នាក់ និងអ្នកជាសះស្បើយ ១៧៦,៤១០នាក់៕