(ម៉ូស្គូ)៖ នាយកអង្គការអវកាសរុស្ស៊ី រ៉ូសខូស្មូស (Roscosmos) លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) បានលើកឡើងថា មើលទៅលើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការរីកចំរើននៃទំនាក់ទំនង ប្រកបដោយផលប្រយោជន៍ជាមួយរុស្ស៊ី វាពិតជារឿងមួយដែលត្រឹមត្រូវបំផុត សម្រាប់ប្រទេសទាំងក្នុងការសហការគ្នា អភិវឌ្ឍវិស័យស្រាវជ្រាវទីអវកាស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

លោក Rogozin បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ក្រោយបញ្ចប់សន្និបាត-ស្រាវជ្រាវទីអវកាសសកលឆ្នាំ២០២១ នៅក្នុងសប្តាហ៍នេះថា ចិនដែលជាប្រទេសដ៏មានភាពរុងរឿង ជាមួយការរីកចំរើននៃផលិតផលក្នុងស្រុក (GDP) យ៉ាងឆាប់រហ័ស និងសមត្ថភាពក្នុងការទ្រទ្រង់ហិរញ្ញវត្ថុ ដល់កម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រនោះ គឺជាដៃគូ និងជាមិត្តជិតខាងដ៏ល្អរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Rogozin ខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រទេសចិន កំពុងតែបង្ហាញប្រាប់ពិភពលោកកាន់តែច្បាស់ អំពីការអភិវឌ្ឍវិស័យអវកាស ដ៏ឆាប់រហ័សរបស់ខ្លួន នោះគឺការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន តាមរយៈការបាញ់បង្ហោះយានជាបន្ទាប់ ហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អវកាសយានិកចិន ០៣រូបត្រូវបានបញ្ជូនឡើងទៅទីអវកាស ប្រកបដោយជោគជ័យ៕