(តូក្យូ)៖ អតីតរដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក កាត់ស៊ូយូគី កាវ៉ៃ (Katsuyuki Kawai) នៅថ្ងៃសុក្រនេះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល០៣ឆ្នាំ សម្រាប់ការទិញសន្លឹកឆ្នោត ក្រោមគោលបំណងធានាអាសនៈសម្រាប់ភរិយាលោក ក្នុងសភាជាន់ខ្ពស់ជប៉ុន កាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

នៅក្រោមការផ្តន្ទាទោសរបស់តុលាការនៃទីក្រុងតូក្យូ លោក កាវ៉ៃ អាយុ៥៨ឆ្នាំ ក៏ទទួលរងពិន័យជាប្រាក់ចំនួន ១.៣លានយេន ឬស្មើនឹង ១១,៨០០ដុល្លារអាមេរិកផងដែរ។ ដំបូងឡើយ ក្រុមព្រះរាជអាជ្ញាជប៉ុន បានព្យាយាមស្នើសុំឲ្យតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារយៈពេល០៤ឆ្នាំ និងប្រាក់ពិន័យ១.៥លានយេន ឬស្មើនឹង១៣,៦០០ដុល្លារ សម្រាប់ការដែលលោក កាវ៉ៃ បំពានច្បាប់បោះឆ្នោតរបស់ប្រទេសជប៉ុន។

គួរបញ្ជាក់ថា យោងតាមតុលាការជប៉ុន លោក កាត់ស៊ូយូគី កាវ៉ៃ បានផ្តល់ប្រាក់សរុប២៩លានយេន ស្មើនឹង២៦៣,០០០ដុល្លារ ទៅដល់ក្រុមអ្នកនយោបាយ និងអ្នកគាំទ្រសរុបប្រហែល១០០នាក់ ដើម្បីបានមកវិញនូវធានាសន្លឹកឆ្នោតសម្រាប់ភរិយាលោក ក្នុងកាបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន កាលពីខែកក្កដា ឆ្នាំ២០១៩៕