(ឡុងដ៍)៖ យន្តហោះមួយគ្រឿងរបស់អាការចរណ៍អង់គ្លេស British Airways បានជួបប្រទះបញ្ហាបច្ចេកទេស ពេលកំពុងចតនៅក្នុងអាកាសចរណ៍អន្តរជាតិ ហ៊ីតស្រ៊ូ (Heathrow) នៃទីក្រុងឡុងដ៍។ ហេតុការណ៍នេះបានបណ្តាលឲ្យផ្នែកខាងមុខ (ច្រមុះ) នៃយន្តហោះត្រកូល Boeing 787 Dreamliner មួយគ្រឿងនេះរងការខូចខាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

អាកាសចរណ៍ British Airways បានប្រកាសថា មិនមានអ្នកដំណើរណាម្នាក់ ស្ថិតនៅលើយន្តហោះនោះឡើយ នៅពេលហេតុការណ៍កើតឡើង ហើយក៏គ្មានមនុស្សរងរបួសនោះដែរ។ រូបភាពនានាលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញពី រថយន្តសង្គ្រោះជាច្រើនគ្រឿង ធ្វើដំណើរសំដៅទៅកាន់យន្តហោះខាងលើនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍។

អ្នកនាំពាក្យម្នាក់របស់ British Airways បានអះអាងថា «សុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុតរបស់យើង ហើយយើងក៏កំពុងធ្វើការស៊ើបអង្កេត ជុំវិញករណីនេះផងដែរ»។ រូបបានបង្ហាញទៀតថា ច្រមុះរបស់យន្តហោះបានធ្លាក់មកខ្ទប់នឹងផ្លូវព្រលាន ទាំងដែលរថយន្ត-ជណ្តើរសម្រាប់ឲ្យអ្នកដំណើរចុះ-ឡើងយន្តហោះនោះ កំពុងជាប់ជាមួយតួយន្តហោះនៅឡើយ៕