(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣,៣៨៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៩៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៩៣,២៦៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៦,៩២០នាក់ និងជាសះស្បើយឡើងសរុប ២៨,៦៧៥,៩២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅសុក្រសប្ដាហ៍នេះបានជំរុញឱ្យជនជាតិអាមេរិក មកទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ខណៈមានការគំរាមកំហែងពីវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ឬ B16172 (វីរុស COVID-19 បម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) ដែលកំពុង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១៥លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៧៦លាននាក់ (៥៣.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៧.៧៥លាននាក់ (៤៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕