(ប៉េកាំង)៖ ក្នុងឱកាសគម្រប់ខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ លោក Xi Jinping ប្រមុខរដ្ឋចិនបានអញ្ជើញទៅ សារមន្ទីរតាំងពិព័រណ៍ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន ដែលស្ថិតនៅទីក្រុងប៉េកាំង ដើម្បីចូលរួមទស្សនា «ពិព័រណ៍ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន» ក្រោមប្រធានបទ «មិនបំភ្លេចបំណងដើម ចងចាំបេសកកម្ម»

លោក Xi Jinping បានគូសបញ្ជាក់ថា រំលឹកពីមាគ៌ាតស៊ូនាអតីតកាល សម្លឹងមើលមាគ៌ាតស៊ូនាអនាគត ចាំបាច់ត្រូវសិក្សានិងបូកសរុបឱ្យបានល្អ នូវប្រវត្តិសាស្ត្របក្ស ដើម្បីបន្តវេននិងផ្សព្វផ្សាយឱ្យបានល្អ នូវបទពិសោធន៍ដ៏មានតម្លៃនៃបក្ស ក្នុងន័យបន្តទទួលបានកម្លាំងឈានទៅមុខជានិច្ច ពីក្នុងប្រវត្តិសាស្ត្រខិតខំតស៊ូនៃបក្សកុម្មុយនិស្តចិន។

«ពិព័រណ៍ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិន» ក្រោមប្រធានបទ «មិនបំភ្លេចបំណងដើម ចងចាំបេសកកម្ម» បានតាំងបង្ហាញពីគំនូរចំនួនជាង ២,៦០០ផ្ទាំង និងវត្ថុប្រវត្តិសាស្ត្រចំនួនជាង៣,៥០០ ក្នុងនោះរួមទាំងគំនូរខ្មុកម្រាក់អំពីមហាកំពែង សាត្រាស្លឹករឹតនៃសៀវភៅកត់ត្រាក្បាលទី៤នៃ «សៀវភៅកត់ត្រានៅក្រុងប្រ៊ុចសែល» របស់លោក Karl Heinrich Marx វីដេអូឯកសារនៃពិធីអបអរសាទរ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អាវុធដែលត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននៃអាមេរិក រូបភាពអំពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តារាងទិន្នន័យនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រជាដើម។

ពិព័រណ៍នេះបានបង្ហាញដោយគ្រប់ជ្រុងជ្រោយជាលើកទីមួយ អំពីប្រវត្តិសាស្ត្រមួយរយឆ្នាំដ៏អស្ចារ្យនៃបក្សកុម្មុយនិស្តចិន ក៏ដូចជាភាពលំបាកលំបិនក្នុងការខិតខំតស៊ូ ដើម្បីអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិននិងសង្គមនិយ មប្រកបដោយលក្ខណៈពិសេសចិន៕