(ឡុងដ៍)៖ សេចក្តីរាយការណ៍ថ្មីមួយរបស់សារព័ត៌មានអង់គ្លេស The Guardian បានលើកឡើងថា ក្រុមប្រទេសលោកខាងលិច និងប្រទេសចិន នាពេលឥឡូវនេះ មិនមានជម្រើសអ្វីក្រៅពីសហការគ្នាឡើយ លើការជួយពិភពលោកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ និងអាជ្ញាធរសុខាភិបាលអន្តរជាតិ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយបណ្តាក្រុមហ៊ុនចិន ពិតជាមានប្រសិទ្ធិភាព និងសុវត្ថភាពប្រាកដមែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីរាយការណ៍នោះ បានបន្តថា «និយាយអំពីវ៉ាក់សាំង ឥរិយាបថយកចិនជាសត្រូវរបស់ក្រុមប្រទេស G7 ត្រូវតែផ្អាកជាបណ្តោះ។ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX និងរដ្ឋាភិបាលអន្ដរជាតិ ដែលកំពុងតែស្វះស្វែងរកវ៉ាក់សាំង គួរតែបង្កើនការសហការគ្នា ជាជាងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង នៅទូទាំងពិភពលោក រួមទាំងបណ្តាក្រុមហ៊ុន នៅក្នុងប្រទេសចិនផងដែរ។ ម៉្យាងវិញទៀត ការអនុម័តយឺតយ៉ាវនៃវ៉ាក់សាំងក្រុមហ៊ុនចិន Sinopharm និង Sinovac ច្បាស់ណាស់ធ្វើឲ្យបាត់បង់ជីវិតមនុស្សជាច្រើន នៅជុំវិញពិភពលោក។

ជាចុងក្រោយ សេចក្តីរាយការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា «វ៉ាក់សាំងដែលកៀរគរដោយក្រុមប្រទេសលោកខាងលិច បានធ្វើឱ្យកម្មវិធី COVAX ស្ថិតនៅឆ្ងាយក្រោយគោលដៅរបស់ខ្លួន ដែលចង់ផ្តល់វ៉ាក់សាំង COVID-19 ដើម្បីចាក់ជូនប្រជាជនប្រមាណ ២.៣ពាន់លាននាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ»