(ហ្សាកាតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១៣,៧៣៧ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃជាមួយគ្នានេះក្រសួងសុខាភិបាកឥណ្ឌូនេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៧១នាក់បន្ថែមទៀតផងដែរ។

ការកើនឡើងនូវករណីឆ្លង និងស្លាប់នេះត្រូវបានស្តីបន្ទោសទៅលើការធ្វើដំណើរក្នុងកំឡុងពេលវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាផងដែរ។

សរុបមកវិញ ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងសរុប ១,៩៨៩,៩០៩ករណី ក្នុងនោះ ៥៤,៦៦២នាក់ស្លាប់ និងជាសះស្បើយ ១,៧៩២,៥២៨នាក់៕