(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ដីព្រះចន្ទដែលបេសកកម្មរុករករបស់ចិន នៅឯឋានព្រះចន្ទ បានយកមកកាន់ផែនដីនោះ ពេលនេះត្រូវដាក់តាំងបង្ហាញហើយ នៅក្នុងទីក្រុងហុងកុង ដែលនឹងអាចទាក់ទាញមនុស្សចូលទស្សនាយ៉ាងច្រើន។
២៖ ប្រធានាធិបតីកូឡុំប៊ីលោក អ៊ីវ៉ាន ឌូកេ (Ivan Duque) បាននិយាយថាឧទ្ធម្ភាគចក្រដែលលោកជិះ រួមជាមួយរដ្ឋមន្ត្រីមួយចំនួនទៀត ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារនៅតំបន់ ខាតាថាំបូ (Catatumbo) ភាគខាងត្បូងប្រទេស។
៣៖ ទីបំផុតអតីតប៉ូលិសនៃទីក្រុងមីននាផូលីស (Minneapolis) លោក ដឺរែក ឆូវីន (Derek Chauvin) ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២២ឆ្នាំ និង ០៦ខែ នៅថ្ងៃសុក្រសប្ដាហ៍នេះ ពីបទសម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក គឺលោក ចច ហ្វ្ល យដ៍ (George Floyd)។
៤៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានជំរុញឱ្យបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូន ប្រជាជនរបស់ខ្លួន ខណៈវីរុសបម្លែងថ្មី Delta (វីរុស COVID-19 បម្លែងថ្មីត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា)។
៥៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២១,០៩៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
៦៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានឱ្យដឹងថា លោកបានទូលសុំទៅកាន់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ឱ្យព្រះអង្គយាងមកកាន់ប្រទេសកាណាដា ដើម្បីរៀបចំពិធីសូមអភ័យទោស ចំពោះតួនាទីរបស់វិហារគ្រិស្តកាតូលិក ក្នុងការគ្រប់គ្រងសាលារៀនដែលជាកន្លែងស្នាក់នៅ សម្រាប់កុមារជាជនជាតិដើមភាគតិច បន្ទាប់ពីសាកសពមនុស្សជិត ១,០០០នាក់ ត្រូវបានរកឃើញនៅផ្នូរធំៗចំនួនពីរ៕