(វ៉ាស៉ីនតោន)៖ បាឡុងខ្យល់មួយបានហោះទៅទាក់ខ្សែបង្គោលភ្លើង ហើយធ្លាក់ឆេះនៅលើដងផ្លូវ ក្នុងទីក្រុងមួយកន្លែងនៃរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បណ្តាលឲ្យមនុស្ស៥នាក់ដែលធ្វើដំណើរលើនោះ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១។
ប៉ូលិសអាមេរិកបានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង នៅខ្ទង់ម៉ោង៧នាទីព្រឹកថ្ងៃសៅរ៍ ក្នុងទីក្រុងអាល់ប៊ូកឺគី (Albuquerque)។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មាន៤នាក់ស្លាប់នៅកន្លែងកើតហេតុផ្ទាល់ ខណៈម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរទាំងរបួសធ្ងន់ធ្ងរ ប៉ុន្តែនៅមិនអាចជួយសង្រ្គោះជីវិតបាន។
គួរបញ្ជាក់ថា ទីក្រុងអាល់ប៊ូកឺគី គឺជាកន្លែងដ៏ពេញនិយមមួយ នៃការបង្ហោះបាឡុងខ្យល់នៅសហរដ្ឋអាមេរិក។ ខណៈឧបទ្ទវហេតុបាឡុងខ្យល់ មិនសូវកើតមានប៉ុន្មានឡើយនៅអាមេរិក វានៅតែអាចកើតឡើងម្តងម្កាល។ គិតចាប់តាំងពីឆ្នាំ២០០៨មក មានគ្រោះថ្នាក់បាឡុងខ្យល់សរុបចំនួន១២ករណី នៅសហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត៕