(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនកំពុងពិនិត្យពិចារណាលើលទ្ធភាពបង្កើតខ្សែទូរស័ព្ទបន្ទាន់ជាមួយរដ្ឋាភិបាលចិន ដូចគ្នាទៅនឹង «ខ្សែទូរស័ព្ទក្រហម» រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត នៅអំឡុងសម័យសង្រ្គាមត្រជាក់ដែលបានអនុញ្ញាតឱ្យមេដឹកនាំអាមេរិកធ្វើកិច្ចសន្ទនា ដោយផ្ទាល់ជាមួយមេដឹកនាំសូវៀត ដើម្បីបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ។

បើតាមក្រុមមន្ត្រីអាមេរិក ខណៈគំនិតបង្កើត «ខ្សែទូរស័ព្ទក្រហម» នេះកំពុងស្ថិតនៅក្នុងចំណុចចាប់ផ្ដើមនៅឡើយ និងមិនទាន់ត្រូវបានលើកយកទៅពិគ្រោះ ជាមួយចិន រដ្ឋបាលលោក បៃដិនចង់បង្កើត ក៏ដូចជាអភិវឌ្ឍនូវឧបករណ៍ទំនាក់ទំនងដ៏រហ័សមួយដែលអាចផ្ដល់ភាពងាយស្រួលយ៉ាងទូលំទូលាយក្នុងការកាត់ បន្ថយហានិភ័យផ្ទុះជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងចិន។ ក្រុមមន្ត្រីអាមេរិកដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ CNN ថា ខ្សែទូរស័ព្ទក្រហមជាមួយទីក្រុងប៉េកាំងនឹងអនុញ្ញាតឱ្យលោក ចូ បៃដិន ឬមន្ត្រីទីប្រឹក្សាសន្តិសុខជាតិកំពូលៗរបស់លោក អាចពិភាក្សាគ្នាដោយផ្ទាល់ តាមរយៈខ្សែទូរស័ព្ទ ឬជាលក្ខណៈផ្ញើសារជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ឬក៏ក្រុមមន្ត្រីជំនិតរបស់លោក ស៊ី។

គំនិតចង់បង្កើត «ខ្សែទូរស័ព្ទក្រហម» ជាមួយចិនត្រូវបានគេលើកមកជជែកដេញដោលយ៉ាងផុលផុសតាំងតែពីសម័យរដ្ឋបាលនៃអតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ាមកម្លេះ ហើយតរហូតមកដល់ជំនាន់លោក ដូណាល់ ត្រាំ។ ក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន ក៏នៅតែបន្តគាំទ្រគំនិតនេះដែរ ក៏ប៉ុន្តែនៅមាន បញ្ហាជាច្រើនត្រូវដោះស្រាយ ក្នុងនោះរួមមានជាពិសេស គឺគេមិនទាន់ដឹងថាតើចិននឹងយល់ព្រមតភ្ជាប់ខ្សែទូរស័ព្ទក្រហមដែរ ឬក៏យ៉ាងណានោះទេ?

ពិតមែនទៅ សហរដ្ឋអាមេរិក និងចិនក៏មានប្រព័ន្ធទំនាក់ទំនងបន្ទាន់ផ្នែកយោធារួចទៅហើយដែរ ប៉ុន្តែប្រព័ន្ធមួយនេះសឹងតែមិនត្រូវបានប្រើប្រាស់ឡើយ។ «យើងមានខ្សែទូរស័ព្ទបន្ទាន់មួយរួចទៅហើយ...យូរៗម្ដងយើងបានប្រើប្រាស់វា ហើយវារោទ៍ចោលនៅក្នុងបន្ទប់ទទេមួយ មួយម៉ោង ឬរាប់ម៉ោងតែប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក Kurt Campbell ជាអ្នកសម្របសម្រួលជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅពេលត្រូវបានគេសាកសួរក្នុងកិច្ចសន្ទនាមួយកាលពីដើមឆ្នាំ២០២១នេះ ពីទំនាក់ទំនងការទូតអាមេរិក-ចិន។

*កំពុងស្ថិតនៅក្នុងលក្ខណៈបច្ចេកទេស

បើតាមទូរទស្សន៍ CNN ក្រុមមន្ត្រីនៅឯក្រសួងការបរទេស និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នាពីលក្ខណៈ បច្ចេកទេស និងថាតើត្រូវដំណើរការខ្សែទូរស័ព្ទក្រហមយ៉ាងដូចម្ដេច។ ចំណែកឯជំហានបន្ទាប់ នោះគឺការអភិវឌ្ឍគំនិតទូទៅ និងបញ្ចូលគំនិតទាំងនេះទៅក្នុង ផែនការបង្កើតខ្សែទូរស័ព្ទក្រហមជាមួយចិនរបស់រដ្ឋបាលលោក ចូ បៃដិន។ ក្រោយមកទៀត ឧបករណ៍ ឬខ្សែទូរស័ព្ទក្រហមត្រូវទទួលការយល់ព្រមពី សេតវិមាន និងពីចិនជាមុនសិន មុននឹងអាចដាក់ឱ្យប្រើប្រាស់បាន។

មកទល់នឹងពេលនេះ ចិនមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះគំនិតបង្កើតខ្សែទូរស័ព្ទក្រហម ហើយគេក៏មិនដឹងច្បាស់ដែរថាតើថ្នាក់ដឹកនាំចិននឹងយល់ព្រម ដែរ ឬក៏អត់នោះទេ។ ខ្សែទូរស័ព្ទក្រហមរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតបានជួយឱ្យពិភពលោកចៀសផុតពីសង្រ្គាមនុយក្លេអ៊ែរនៅអំឡុង សម័យសង្រ្គាមត្រជាក់ ដោយវាបានអនុញ្ញាតឱ្យមេដឹកនាំនៃមហាអំណាចទាំង២ អាចជួបពិភាក្សាគ្នាបន្ធូរបន្ថយភាពតានតឹងមុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ណាមួយ។

ជាការពិតណាស់ វានៅមានការសង្ស័យដដែលពីប្រសិទ្ធភាពនៃខ្សែទូរស័ព្ទក្រហម។ ជាឧទាហរណ៍ អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានប្រើខ្សែទូរស័ព្ទ នេះ ព្រមានកុំឱ្យរុស្ស៊ីលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ តែចុងក្រោយទីក្រុងវ៉ាស៊ីនតោនអះអាងថារុស្ស៊ីមិនបានយកចិត្ត ទុកដាក់លើការព្រមាននោះឡើយ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញភាគច្រើននៅតែយល់ថាខ្សែទូរស័ព្ទក្រហម វាចាំបាច់ត្រូវតែមានក្នុងបរិបទដែលមាន ការព្រួយបារម្ភជាច្រើនថាការប្រកួតប្រជែង និងភាពតានតឹងនាពេលបច្ចុប្បន្នអាចអូសសហរដ្ឋអាមេរិក និងចិនឱ្យធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាមនុយក្លេរអែរ នៅពេលអនាគត។

*ទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ?

រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកចិនជាគូសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ ដោយមហាអំណាចទាំង២ ដែលសឹងតែមានអាវុធនុយក្លេអ៊ែរក្នុងដៃ កំពុងប្រកួតប្រជែងដណ្ដើមឥទ្ធិពលស្ទើតែគ្រប់វិស័យរាប់ចាប់ពីបច្ចេកវិទ្យា សេដ្ឋកិច្ច រហូតដល់យោធា។ ការប្រកួតប្រជែងបាន និងកំពុងអូសមហាយក្សទាំង២ ត្រូវប្រឈមមុខនឹងដាក់គ្នាលើភាពតានតឹងនៃបញ្ហាធំៗជាច្រើនដែលត្រូវបាន ក្រុមអ្នកជំនាញព្រមានថាអាចនឹងបង្កទៅជាជម្លោះប្រដាប់អាវុធ ក្នុងនោះរួមមានកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាការគ្រប់គ្រង និងការបង្ការកុំឱ្យជម្លោះជាមួយចិនផ្ទុះឡើងគឺជារឿងចាំបាច់បំផុតហើយ ដើម្បីអាចធ្វើបែបនេះទាល់តែអាចរក្សាបាននូវការប្រាស្រ័យទាក់ទងគ្នារវាងមេដឹកនាំ។ មន្ត្រីរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់ យើង មានផលប្រយោជន៍ក្នុងការធានាថាការប្រកួតប្រជែងជាមួយចិនត្រូវបានគ្រប់គ្រងដោយភាពទទួលខុសត្រូវ។ ដ្បិតយើងបានដឹងច្បាស់ថាទំនាក់ទំនងនេះ ត្រូវបានកំណត់ដោយការប្រកួតប្រជែង។ យើងស្វាគមន៍រាល់ការប្រកួតប្រជែងដ៏ស្វិតស្វាញ ប៉ុន្តែយើងក៏ត្រូវតែធានាឱ្យបានផងដែរថាការប្រកួតប្រជែងនេះ នឹងមិនបង្កទៅជាជម្លោះ»។

គួរបញ្ជាក់ថា ខ្សែទូរស័ព្ទក្រហមជាទូទៅត្រូវបានគេចាត់ទុកជាបណ្ដាញទំនាក់ទំនងមួយដែលអនុញ្ញាតឱ្យមេដឹកនាំនៃប្រទេសនីមួយៗ រក្សាទំនាក់ទំនង ឬពិភាក្សាគ្នាជាបន្ទាន់ ពីការកាត់បន្ថយហានិភ័យនៃការផ្ទុះជម្លោះយោធា, គ្រប់គ្រង ឬបញ្ចៀសគ្រោះមហន្តរាយ ឬក៏និយាយគ្នាជាមុនសិន មុននឹងធ្វើការសម្រេចចិត្តណាមួយ។

ចិន និងសហរដ្ឋអាមេរិក បានព្យាយាម និងបរាជ័យក្នុងការ បង្កើតខ្សែទូរស័ព្ទក្រហមជាច្រើនលើកមកហើយកាលពីអតីតកាល។ ក្នុងឆ្នាំ១៩៨៩ ក្រោយបាតុកម្ម តវ៉ានៅឯទីលាន Tiananmen អតីតប្រធានាធិបតីអាមេរិក លោក George H. W. Bush (ឪពុករបស់លោក George W. Bush) បានព្យាយាមទំនាក់ទំនង ជាមួយមេដឹកនាំចិន លោក តេង ស៊ាវពីង (Deng Xiaoping) តាមរយៈទូរស័ព្ទ តែមិនមានការលើកទូរស័ព្ទ ហើយនៅពេលនោះក៏គ្មានខ្សែទូរស័ព្ទបន្ទាន់ រវាងប្រទេសទាំង២ នោះដែរ។

នៅឆ្នាំ១៩៩៧ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន និងប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានយល់ព្រមបង្កើតខ្សែទូរស័ព្ទ បន្ទាន់សម្រាប់ប្រធានាធិបតីនៃប្រទេសទាំង២។ ប៉ុន្តែ ២ឆ្នាំក្រោយមក ពោលគឺក្រោយសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកចំស្ថានទូតចិនប្រចាំរដ្ឋធានីបែលហ្រ្គាដ
(Belgrade) នៃប្រទេសស៊ែរប៊ី ចិនមិនដែលឆ្លើយតប ឬលើកខ្សែរទូរស័ព្ទបន្ទាន់នេះទេ។ លើសពីនេះទៅទៀត នៅខែកុម្ភៈ ឆ្នាំ២០០៨ អាមេរិក និងចិនក៏បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយដែរមានឈ្មោះថា Defense Phone Link តែកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងក្រោម ថ្នាក់ប្រធានាធិបតី ហើយវាត្រូវបានប្រើប្រាស់តែ៤លើកប៉ុណ្ណោះ៕

ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២១)