(យូអិន)៖ វេទិកាអង្គការសហប្រជាជាតិ (UN) បានអនុម័តសេចក្តីប្រកាសមួយ ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសសមាជិកនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) ដោយសន្យាធ្វើការរួមគ្នាក្នុងការជួយជំរុញសកលលោក ដើម្បីយកឈ្នះលើជំងឺឆ្លងរាតត្បាត COVID-19 និងជួយដល់ការងើបឡើងវិញ តាមរយៈផែនការអភិវឌ្ឍបៃតង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
លោក មូនា អាក្រាំ (Munir Akram) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃ UN បានថ្លែងថា សេចក្តីប្រកាសដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយវេទិកានយោបាយជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពគឺជា «ក្តីសង្ឃឹមមួយ» នៅពេលដែលពិភពលោកប្រឈមនឹងបញ្ហាដ៏ធំធេង។
វេទិកាថ្ងៃទី០៦-១៦ ខែកក្កដា ក្រោមការគាំទ្រពីក្រុមប្រឹក្សានេះ គឺមានភារកិច្ចពិនិត្យឡើងវិញ លើការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងការអនុម័តសេចក្តីប្រកាសដែលមាន ៥០ កថាខណ្ឌ វេទិកាបានប្តេជ្ញាចិត្តតាមវិធីជាច្រើន ដែលសហគមន៍អន្តរជាតិអាចជួយជំរុញ ការងើបឡើងវិញពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខណៈដែលអាចជួយជំរុញការរីកចម្រើន ឆ្ពោះទៅរកការសម្រេចគោលដៅ ប្រកបដោយចីរភាពក្នុងពេលតែមួយ។
គួរបញ្ជាក់ថា វេទិកាបានអំពាវនាវឱ្យសមាជិកទាំងអស់បង្កើន និងពង្រីកផលិតកម្មវ៉ាក់សាំងជាសកលយ៉ាងឆាប់រហ័ស និងបានជំរុញឱ្យភាគីនៃអនុសញ្ញាស្តីពីភាពចម្រុះផ្នែកជីវសាស្រ្ត «ពន្លឿនផែនការ» ដើម្បីការពារប្រភេទសត្វព្រៃ និងប្រភេទសត្វដទៃៗទៀតផងដែរ៕