(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក រ៉េនដ៍ ផល (Rand Paul) និងអ្នកជំនាញផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) ប្រឈមមុខដាក់គ្នាយ៉ាងក្ដៅគគុក នៅក្នុងកិច្ចប្រជុំមួយរបស់ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីលោក Rand Paul ចោទប្រកាន់លោក Fauci ថា បាននិយាយកុហកចំពោះអង្គសភា ជុំវិញតួនាទីរបស់វិទ្យាស្ថានជាតិសុខាភិបាល ក្នុងការផ្ដល់ហិរញ្ញវត្ថុដល់ការសិក្សាស្រាវជ្រាវ ក្នុងទីក្រុងវូហានប្រទេសចិន។ នេះបើតាមការដកស្រងចេញផ្សាយ ដោយសារព័ត៌មាន NBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភានោះដែរ លោក Anthony Fauci បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកសមាជិកព្រឹទ្ធសភា Paul, អ្នកមិនបានដឹងអ្វីទាល់តែសោះ ចំពោះអ្វីដែលអ្នកបាននិយាយ... ខ្ញុំមិនដែលបាននិយាយកុហកចំពោះសភានោះឡើយ ហើយក៏មិនលុបចោលសេចក្ដីថ្លែងការណ៍មួយនោះដែរ។ ការចោទប្រកាន់របស់អ្នក គឺជារឿងពិតទាល់តែសោះ»

ការលើកឡើងបែបនេះរបស់លោក Anthony Fauci គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក Rand Paul ដែលថា រូបលោកបាននិយាយចំពោះកុហកសភា ជុំវិញតួនាទីរបស់វិទ្យាស្ថានជាតិសុខាភិបាល ក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាស្រាវជ្រាវពីវីរុស នៅឯវិទ្យាស្ថានវីរុសសាស្ត្រវូហាន ស្ថិតក្នុងទីក្រុងវូហាន នៃប្រទេសចិន។

គួរបញ្ជាក់ថា លោក Rand Paul គឺជាសមាជិកព្រឹទ្ធសភាអាមេរិកដំបូងគេបំផុត ដែលបានឆ្លង COVID-19 កាលពីខែមីនា ឆ្នាំ២០២០ ហើយកាលពីដើមឆ្នាំ២០២១ លោកបាននិយាយថា លោកនឹងមិនចាក់វ៉ាក់សាំងនោះទេ ដោយសារតែលោកបានឆ្លងវីរុសនេះរួចទៅហើយ៕