(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៣៣៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ គឺ១៤,៦៩៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៦៤១ករណី ត្រូវបានរកឃើញលើអ្នកទោស នៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៩០៤នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៩៧,៣០២ករណី ក្នុងនោះមានអ្នកស្លាប់ ៤,០៥៩នាក់ និងអ្នកជាសះស្បើយ ៣៣៤,៦៩៣នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានយ៉ាងហោចជា ១៥លានដូស ក្នុងនោះមនុស្សច្រើនជាង៣លាននាក់ នៃប្រជាជនសរុបជិត៧០លាននាក់ ចាក់បានគ្រប់ដូស៕