(កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានលាយឡំគ្នាជាមួយភ្លើងឆេះព្រៃតូចផ្សេងៗទៀត ដោយបាននិងកំពុងបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងកំពុងបង្កជាឧបសគ្គធំឡើងៗ ដល់ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ២,២០០នាក់ បន្តតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើង ដែលកំពុងលុកលុយតំបន់ភាគខាងលិច នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ភ្លើងឆេះព្រៃ ឌីស៊ី ហ្វាយអឺ (Dixie Fire) ដែលបានឆាបឆេះតាំងពីថ្ងៃទី១៤ ខែកក្កដាមក បានបំផ្លាញផ្ទះរាប់សិបខ្នង និងហេដ្ឋារចនាសម្ព័ន្ធដទៃ នៅពេលវាបានឆេះផ្សំបញ្ចូលគ្នាជាមួយ ភ្លើងឆេះព្រៃឈ្មោះ ហ្វ្លាយ ហ្វាយអឺ (Fly Fire)។ មកទល់នឹងពេលនេះ មិនទាន់មានការធ្វើបច្ចុប្បន្នភាពទិន្នន័យ ឬការវាយតម្លៃពីការខូចខាតនោះទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ព្រៃឈើលើផ្ទៃដី ៧៧២គីឡូម៉ែត្រក្រឡាត្រូវបានភ្លើងឆេះព្រៃលេបត្របាក់ នៅក្នុងតំបន់ ប្លូម៉ាស (Plumas) និង និងតំបន់ ប្យូតត៍ (Butte) ហើយក្រុមអ្នកពន្លត់អគ្គិភ័យទើបតែគ្រប់គ្រងស្ថានការណ៍បានត្រឹមតែ ២១ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ២,២០០នាក់ កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ដោយពួកគេផ្ដោតជាសំខាន់លើគ្រប់គ្រងភ្លើងឆេះព្រៃ នៅឯតំបន់ដែលសម្បូរព្រៃឈើ ខណៈផ្ទះជាង ១០,០០០ខ្នងកំពុងស្ថិតនៅក្រោមការគំរាមកំហែង៕