(ស៉ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទនេះ បានរាយការណ៍ការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១១ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃទាប និងកំពុងបង្កើនក្តីសង្ឃឹមដល់ការបញ្ចប់ វិធានការបិទខ្ទប់នៅក្នុងរដ្ឋនេះ ដូចដែលបានគ្រោងទុក ខណៈរដ្ឋជិតខាង គឺញូសោតវែលស៍ (New South Wales) គ្រោងនឹងពង្រីកវិធានការបិទខ្ទប់ យ៉ាងតឹងរឹងរបស់ខ្លួនដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ប្រទេសអូស្រ្តាលី បាននិងកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងយ៉ាងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់ ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានគេរកឃើញនៅក្នុងទីក្រុងស៊ីដនី នៃរដ្ឋ New South Wales កាលពីជាងមួយខែមុន នៅលើអ្នកបើកបររថយន្តម្នាក់ ដែលបានដឹកក្រុមបុគ្គលិកអាកាសចរណ៍ ទើបត្រលប់មកពីក្រៅប្រទេស។

ចាប់តាំងពីពេលនោះមក វីរុសនេះបានឆ្លងរីករាលដាលដល់រដ្ឋដទៃទៀត ដែលបង្ខំឲ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ យ៉ាងតឹងរឹងនៅក្នុងទីក្រុងស៊ីដនី ដែលមានប្រជាជនចំនួន ០៥លាននាក់នៃប្រជាជនសរុបចំនួន ២៥លាននាក់នៅប្រទេសអូស្រ្ដាលី។ បន្ទាប់មកទៀត ការបិទខ្ទប់ក៏បានកើតមាននៅក្នុងរដ្ឋ Victoria និងរដ្ឋអូស្រ្តាលីខាងត្បូង (South Australia) ហើយវិធានការរឹតត្បិតទាំងនេះ នឹងត្រូវបញ្ចប់នៅយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលីនៅតែអាចគ្រប់គ្រង និងធ្វើឲ្យករណីឆ្លង COVID-19 ស្ថិតនៅកម្រិតទាបដដែល ជាមួយនឹងករណីឆ្លងសរុប ៣២,៩១៥ករណី និងករណីស្លាប់សរុប ៩១៨នាក់ បើទោះបីជាវីរុសបម្លែងខ្លួនថ្មី Delta កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង និងចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ មានកម្រិតទាបបើប្រៀបធៀបទៅនឹង ប្រទេសអភិវឌ្ឍន៍ដទៃទៀតក្តី។ ត្រឹមតែជាង ១៦ភាគរយ នៃប្រជាជនអូស្ត្រាលី ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) គិតត្រឹមចុងសប្តាហ៍មុន៕