(ប៉េកាំង)៖ ថ្ងៃទី២៥ ខែកក្កដា នៅក្រុង Chengdu ប្រទេសចិន ពេលលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន និងលោក Haavisto រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់រួមគ្នាជួបសន្ទនាជាមួយអ្នកសារព័ត៌មាន លោក Wang Yi បានថ្លែងថាការតាមដានរកប្រភពដើមនៃ វីរុស១៩ ជាបញ្ហាវិទ្យាសាស្ត្រយ៉ាងម៉ឺងម៉ាត់ គួរតែធ្វើឱ្យអ្នកវិទ្យាសាស្ត្រទាំងឡាយធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់នូវប្រភពដើមនៃវីរុសក្នុងន័យបង្ការ ហានិភ័យនៅពេលអនាគតឱ្យបានកាន់តែល្អ។

បញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ មិនគួរក្លាយជាការលេងល្បែងនយោបាយនោះទេ ការធ្វើបែបនេះ មិនមែនចង់ថ្កោលទោសប្រទេសណាមួយទេ ហើយកាន់តែមិនត្រូវធ្វើឱ្យសហគមន៍អន្តរជាតិមានភាពបែកបាក់គ្នាទៀតផង។

ពីការហៅវីរុសកូវីដ១៩ថា ជា «វីរុសវូហាន» យ៉ាងកម្រោលកាលពីឆ្នាំមុន រហូតដល់ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកយ៉ាងងងើល តាំងពីដើមមក អាមេរិកក៏ប៉ុនប៉ងធ្វើឱ្យបញ្ហាកូវីដ១៩ ក្លាយជាបញ្ហានយោបាយ បន្តុះបង្អាប់ប្រទេសចិន និងចាត់ទុកបញ្ហាតាមដានរកប្រភពដើមនៃវីរុសជាឧបករណ៍សម្រាប់លេងកលល្បិច រហូតដល់មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងរបស់ អ្នកវិទ្យាសាស្ត្រ ហើយប្រើប្រាស់មធ្យោបាយស៊ើបការណ៍ក្នុងការងារតាមដានរកប្រភពដើមនៃវីរុស ក៏ដូចជាឃោសនាបំប៉ោងការសន្មតថាមានទោស អំពីពាក្យសំដី «វីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍»

គោលបំណងរបស់អាមេរិកវាច្បាស់លាស់ណាស់ គឺដើម្បីបង្វែរទំនួលខុសត្រូវរបស់ខ្លួនដែលអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយមួលបង្កាច់ និងដាក់សម្ពាធទៅលើប្រទេសដទៃទៀត។ ក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់មនុស្សជាតិ គួរតែកត់ត្រាទំព័រដ៏អាក្រក់មួយនេះ។

លោក Wang Yi បានលើកឡើងថា វីរុសកូវីដ១៩ គួរតែតាមដានរកប្រភពដើម ហើយវីរុសនយោបាយក៏ត្រូវតាមដានរកប្រភពដើមផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ ផែនការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ដំណាក់កាលទីពីរដែលលើកឡើងដោយលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក និងសម្រាប់ឱ្យរដ្ឋសមាជិកធ្វើការពិគ្រោះពិភាក្សានោះ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រទាំងឡាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ផែនការនេះមិនត្រឹមតែមិនសមស្រប នឹងតម្រូវការនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៣ប៉ុណ្ណោះទេ ថែមទាំងក៏មិនអើពើនឹងសេចក្តីសន្និដាន និងសំណើ របស់របាយការណ៍សិក្សាស្រាវជ្រាវចម្រុះដំណាក់កាលទីមួយផងដែរ។

តាមដំណឹងនៃវេបសាយកាសែត «Salt Lake Tribune» របស់អាមេរិកកាលពីថ្ងៃទី២១ ខែកក្កដាបានឱ្យដឹងថាអ្នកជំនាញខាងវីរុសដ៏ល្បីឈ្មោះនៃតំបន់នានា នៅលើពិភពលោកចំនួនប្រហែល២០រូប ក្នុងនោះបូករួមទាំងអ្នកជំនាញខាងវីរុសមួយរូបនៃសកលវិទ្យាល័យ Utah របស់អាមេរិកបានសរសេររបាយការណ៍ថ្មី មួយច្បាប់ ដោយបានបង្ហាញឱ្យ អាចបញ្ជាក់ស្ទើរតែមួយរយភាគរយថា ការរីករាលដាលនៃវីរុសកូវីដ១៩ មានប្រភពចេញពីសត្វព្រៃ តែគឺមិនមែនធ្លាយចេញពី បន្ទប់ពិសោធន៍នោះទេ។

លោក Stephen Goldstein អ្នកជំនាញខាងវីរុសបានថ្លែងថា បច្ចុប្បន្ននេះ គ្មានមូលហេតុសមហេតុផលណាមួយអាចបញ្ជាក់ថាត្រូវផ្តោតសំខាន់ទៅលើលទ្ធភាព នៃការធ្លាយវីរុសពីបន្ទប់ពិសោធន៍នោះទេ។ ក្រៅពីគំនិតមិនជឿទុកចិត្ត និងមួលបង្កាច់ប្រទេសចិន យើងគ្មានភស្តុតាងអ្វីដែលទាក់ទិននឹងបន្ទប់ពិសោធន៍ នោះឡើយ។ ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុស យើងគួរធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវមួលបង្កាច់ គួរស្វែងរកការពិតជាក់ស្តែង មិនត្រូវនិយាយពាក្យភូតកហុក គួរគោរពវិទ្យាសាស្ត្រ មិនត្រូវលេងល្បែងនយោបាយ។

ប្រទេសចិនរីករាយបន្តផ្តល់ការគាំទ្រ និងចូលរួមកិច្ចសហប្រតិបតិ្តការតាមដានរកប្រភពដើមនៃវីរុសជាសកល ដោយប្រកាន់ខ្ជាប់ស្មារតីបើកចំហ មានតម្លាភាព វិទ្យាសាស្ត្រនិងកិច្ចសហប្រតិបតិ្តការ៕