(ប៉ារីស)៖ នៅថ្ងៃចន្ទនេះ សភានៃប្រទេសបារាំង បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលតម្រូវឲ្យមានការប្រើប្រាស់លិខិត បញ្ជាក់ពិសេស ពាក់ព័ន្ធនឹងជំងឺ COVID-19 ខណៈប្រជាជនបារាំងបាននាំគ្នាធ្វើបាតុកម្មប្រឆាំងច្បាប់នេះ ក្រោមហេតុផលថា វាប៉ះពាល់ សិទ្ធិសេរីភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន France24 នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ច្បាប់ COVID-19 ខាងលើ តម្រូវឲ្យប្រជាជនបារាំង មានលិខិតបញ្ជាក់សុខភាពពិសេសមួយ ដើម្បីអាចចូលទៅកាន់កន្លែងផ្សេងៗ រួមមាន ភោជនីយដ្ឋាន ស្ថានីយរថភ្លើង ព្រលានយន្តហោះ និងកន្លែងសាធារណៈមួយចំនួនផ្សេងទៀត។ ជាជំហានដំបូង វានឹងត្រូវអនុវត្តតែទៅលើ មនុស្សពេញវ័យប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃទី៣០ ខែកញ្ញា អ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើង ក៏ត្រូវរាប់បញ្ចូលដូចគ្នា។ ច្បាប់នេះ ក៏នឹងតម្រូវឲ្យ បុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងប្រទេសបារាំង ត្រូវចាក់វ៉ាក់សាំងជាកំហិតផងដែរ។

ដើម្បីទទួលបានលិខិតបញ្ជាក់សុខភាពពិសេសនោះ ប្រជាជនបារាំងត្រូវមានភស្តុតាងបង្ហាញថា ពួកគេចាក់វ៉ាក់សាំងបានពេញលេញ ឬទើបតែធ្វើតេស្តអវិជ្ជមាន COVID-19 ឬមួយក៏ទើបជាសះស្បើយពីជំងឺនេះ។ កាលពីចុងសប្តាហ៍មុន មនុស្សប្រហែល១៦០,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ក្រោមហេតុផលថា ច្បាប់នេះបំផ្លាញសិទ្ធិសេរីភាពរបស់ពួកគេ។

រដ្ឋាភិបាលបារាំងបានលើកឡើងថា ច្បាប់ COVID-19 នេះ គឺចាំបាច់ក្នុងការការពារអាយុជីវិតប្រជាជន និងដើម្បីបញ្ចៀសការបិទខ្ទប់ ប្រទេសជាថ្មីម្តងទៀត ខណៈដែលករណីឆ្លងហាក់បានលោតឡើងវិញ នៅមួយៈចុងក្រោយនេះ។

គួរបញ្ជាក់ថា សរុបមកទល់ឥឡូវ មនុស្សច្រើនជាង ១១១,០០០នាក់ បានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសបារាំង ហើយបច្ចុប្បន្ន បារាំងកំពុងមើលឃើញអត្រាឆ្លងប្រចាំថ្ងៃខ្ទង់ ២០,០០០នាក់ ធៀបនឹងខ្ទង់ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ កាលពីកំលុងដើមខែកក្កដានេះ៕