(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចាប់ផ្តើមទទួលពាក្យស្នើសុំសម្រាប់ «លិខិតឆ្លងដែនវ៉ាក់សាំង» ចំពោះពលរដ្ឋទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ ដើម្បីឲ្យពួកគេអាចធ្វើទៅដំណើរ ទៅកាន់ប្រទេសផ្សេងៗទូទាំងពិភពលោក ដែលកំពុងអនុវត្តគោលការណ៍ នៃលិខិតឆ្លងដែនវ៉ាក់សាំងនេះដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។

បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសអ៊ីតាលី, អូទ្រីស, តួកគី, ប៊ុហ្គារី និងប៉ូឡូញ សុទ្ធតែបានព្រមព្រៀងរួចហើយ ក្នុងការបន្ថយវិធានការចត្តាឡីស័ក សម្រាប់អ្នកកាន់លិខិតឆ្លងដែនជប៉ុន ដែលមានបញ្ជាក់អំពីការចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូងវិញ ការចរចាគ្នាកំពុងបន្តនៅឡើយ ហើយជប៉ុនក៏កំពុងចរចាជាមួយ ប្រទេសមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ថា លិខិតឆ្លងដែនដែលចេញដោយរដ្ឋាភិបាលជប៉ុន នឹងមានបញ្ជាក់នូវការទទួលស្គាល់ជាផ្លូវការ អមដោយព័ត៌មានសំខាន់ៗដូចជា ប្រភេទវ៉ាក់សាំង COVID-19 ដែលត្រូវបានចាក់, ពេលវេលាដែលត្រូវបានចាក់ ព្រមទាំងជាមួយនឹងឈ្មោះ និងលេខលិខិតឆ្លងដែនដើមផងដែរ។ បើតាមសារព័ត៌មានជប៉ុន បច្ចុប្បន្នលិខិតឆ្លងដែនរបស់ខ្លួន ស្ថិតនៅក្នុងទម្រង់ជាក្រដាសនៅឡើយទេ ហើយរដ្ឋាភិបាលជប៉ុនកំពុងរៀបចំ បញ្ចេញជាទម្រង់បែបបទឌីជីថល និងកាតជាក់ស្តែង។

បន្ថែមពីខាងលើនេះទៀត ដើម្បីស្វាគមន៍ដល់ប្រជាជន និងអ្នកទេសចរនានា ព្រមទាំងជាការលើកស្ទួយសេដ្ឋកិច្ច ដែលកំពុងរងវិបត្តិដោយសារ COVID-19 នោះ អាហារដ្ឋាន និងសណ្ឋាគារមួយចំនួននៅជប៉ុន បានបង្កើតកម្មវិធីបញ្ចុះតម្លៃពិសេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច ដោយគ្រាន់តែបង្ហាញប័ណ្ណសម្គាល់តែប៉ុណ្ណោះ៕